លោកពេជ្រ សុផាន់ យល់ព្រមអោយ ពេជ្រ សម្បត្តិ ប្រកួតតាមលក្ខខណ្ឌដែលឃីម បូរ៉ា ចង់បានព្រោះ………………
ប្រដាល់ ៖ សម្រាប់ជំនួបរវាងកូនសិស្សរបស់ពេជ្រ សុផាន់ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយឃីម បូរ៉ា ជាជំនួបដែលពេជ្រ សម្បត្តិរួមទាំង អ្នកគាំទ្រប្រដាល់គុនខ្មែរមួយចំនួន ទន្ទឹងរងចាំជាយូមកហើយ ។
ដោយសារមានមតិអ្នកគាំទ្រមួយចំនួនដែលបានបញ្ចេញនៅលើបណ្តាញសង្គម ថា ពេជ្រ សម្បត្តិ ចង់ប៉ះ ឃីម បូរ៉ា ព្រោះខ្លាចមិនហ៊ានសងសឹក កីឡាករឡាវខាំភូ ដែលធ្លាប់ទាត់គេ អោយសន្លប់កាលពីពេលកន្លងទៅនៅសង្វៀនបាយ័ន ។
ឆ្លើយតបទៅកាន់អ្នកគាំទ្រលោកពេជ្រ សុផាន់ បានបញ្ជាក់ថា សម្រាប់សមត្ថភាពរបស់សម្បត្តិនាពេលបច្ចុប្បន្នប៉ះអ្នកណាក៏បាន ក្នុងប្រភេទគីឡូ៦០ ប្រកួតលក្ខណៈហ្គង់បែបណាក៏មិនបញ្ហានោះទេ ទោះត្រូវសងសឹកខាំភូក៏ដោយជាពិសេសប្រសិនបើ អាចឈ្នះ ឃីម បូរ៉ា ទៀតនោះ នឹងធ្វើអោយសមត្ថភាពរបស់សម្បត្តិកើនឡើងមួយកម្រិតទៀត ។ ដោយលោកពេជ្រ សុផាន់ បាននិយាយយ៉ាងដូច្នេះថា «បច្ចុប្បន្ន ដូចបងប្អូនអ្នកតាមដានប្រដាល់បានដឹងរួចមកហើយថា សមត្ថភាពរបស់សម្បត្តិ នៅពេលនេះប៉ះអ្នកណាក៏បាន សម្បត្តិអាចប្រកួតជាមួយទាំងអស់ក្នុងគីឡូ៦០ អោយតែស្ថិតនៅក្រោមការគ្រប់គ្រង នឹងស្តាប់តាមការបង្វឹករបស់ខ្ញុំ ។ សម្រាប់ការប៉ះគ្នាជាមួយបូរ៉ា ព្រោះតែបូរ៉ា ជាកីឡាករដែលបងប្អូនបានស្គាល់រួចមកហើយ ថាគេជាកីឡាករដែលធ្លាប់មានបទពិសោធន៍ច្រើន ដែលបងប្អូនទទួលស្គាល់ ដូច្នេះសម្រាប់សម្បត្តិ ចាញ់ជារឿងធម្មតា ក្នុងអាជីពជាអ្នកប្រដាល់ប៉ុណ្ណោះ តែកុំភ្លេចថាសម្បត្តិគាត់មានអាវុធសម្លាប់របស់គាត់ មានទឹកចិត្តមុះមុតក្នុងការប្រកួត ដូច្នេះប្រសិនបើប្រកួតនេះឈ្នះ សម្បត្តិនឹងឡើងមួយកម្រិតទៀត » ។
ទន្ទឹមនោះអតីតអ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជារូបនេះ ក៏បានបកស្រាយផងដែលចំពោះការដែលលោកយល់ព្រមតាមលក្ខខណ្ឌរបស់ បូរ៉ា អោយសម្បត្តិប្រកួតលក្ខណៈគុនខ្មែរ៥ទឹក ១ទឹក៣នាទី ប្រើហ្គង់ធម្មតា ។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា «កាលពីពេលកន្លងទៅមូលហេតុដែលលោកស្នើអោយប្រកួតហ្គង់ MMA ព្រោះមិនចង់អោយមានការកាត់សេចក្តីលំអៀងទៅរកម្ខាងៗ ពេលប្រកួតចប់អ្នកចាញ់ផុសហ្វេសប៊ុកមិនអស់ចិត្ត ណាមួយកាលពីពេលកន្លងទៅបូរ៉ា យកលេសមិនចង់ប្រកួតជាប់ហ្វឹកហាត់ត្រៀមស៊ីហ្គេម ខ្លាចខូចដៃខូចជើង តែពេលចង់ស៊ីហ្គេម ក៏នៅតែមិនចង់ប៉ះសម្បត្តិដ៏ដែល ដូច្នេះមានតែខ្ញុំយល់ព្រមតាមលក្ខខណ្ឌគេវិញ ដើម្បីអោយបំណង ដែលចង់សាកល្បងជាមួយរាមច្បងរបស់សម្បត្តិបានសម្រេច នឹងអស់ចិត្ត» ។
រំលឹកថា កាលពីពេលកន្លងទៅ ពេជ្យ សម្បត្តិបានចេញមុខប្រកាសចង់សាកល្បងជាមួយ ឃីម បូរ៉ា ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសាការចចាគ្នារឿងហ្គង់មិនត្រូវ ។ ដោយខាងលោកពេជ្រ សុផាន់ ស្នើអោយប្រកួតលក្ខណៈហ្គង់ MMA ចំណែកឃីម បូរ៉ា ស្នើអោយប្រកួតហ្គង់ធម្មតា ។
អត្ថបទ ៖ គោព្រៃ