ព្រំ សំណាង និយាយចំៗថា ពេជ្យ សម្បត្តិ និងគ្រូ កំពុងមើលស្រាលអេឡិច
ឆ្លើយតបនឹងសំនួរដែលបានចោទសួរថា សម្រាប់ជំនួបរវាងក្របីព្រៃ ពេជ្យ សម្បត្តិ និងក្របីព្រៃប្រេស៊ីល អេឡិចសិនត្រូ តើអ្នកណាដែលមានភាគរយឈ្នះច្រើនជាង ?
ភ្លាមនោះអ្នកលេងជង្គង់ទិព្វ ព្រំ សំណាង បាននិយាយថា ចំពោះខ្ញុំយល់ឃើញថា អេឡិចសិនត្រូ និងលោក Ricky ដែលជាគ្រូគាត់ កំពុងស្រែកឃ្លានជ័យជំនះ ។ ចំណែកពេជ្យ សម្បត្តិ រួមជាមួយគ្រូគាត់ ប្រហែលជាមើលងាយអេឡិចសិនត្រូ ច្រើន ចំពោះការប៉ះគ្នានាពេលខាងមុខ ។ អ្នកប្រដាល់គីឡូធ្ងន់រូបនេះ បានបញ្ជាក់ថា បើមើលតាមសមត្ថភាពរបស់អេឡិច នាពេលនេះ មិនទាន់ដល់ពេជ្យ សម្បត្តិទេ ប៉ុន្តែបើប្រហែស និងចាញ់ ។
ព្រំ សំណាងនិយាយយ៉ាងដូច្នេះថា «ពេជ្យ សម្បត្តិ និងគ្រូគាត់ ប្រហែលជាមើលងាយ អេឡិចច្រើន តែប្រយ័ត្នក្បាច់គាត់ចំលែកៗ ដែលធ្លាប់វ៉ៃអោយចក់ ស៊ីវិន សន្លប់ គឺក្បាច់រត់បុក កាន់តែមើលងាយសត្រូវ កាន់តែគ្រោះថ្នាក់ ឡើងសង្វៀនមើលមិនឃើញទេ ប្រហែសមួយភ្លែត ដឹងតែដេកហើយ ព្រោះអេឡិច និងគ្រូគាត់ កំពុងស្រែកឃ្លានជ័យជំនះ ជូនក្លឹប និងបង្កើនកេរ្តិ៍ឈ្នោះអោយកាន់តែល្បីក្នុងពិភពប្រដាល់គុនខ្មែរ ។ ចំពោះភាគរយខ្ញុំគិតថា ពេជ្យ សម្បត្តិ៦០ អេឡិចសិនត្រូ៤០ »។ នេះជាការបញ្ជាក់បន្ថែមរបស់ ព្រំ សំណាង ។
សូមជម្រាប់ថា សម្រាប់ជំនួបរវាង ក្របីព្រៃ ពេជ្យ សម្បត្តិ និងក្របីព្រៃប្រេស៊ី ជាការប្រកួតគ្នាដាក់រហ័ស្សនាម ដែលពីមុនមកមិនធ្លាប់កើតមាននោះទេ ក្នុងពិភពប្រដាល់ ប្រសិនបើនណាចាញ់ នឹងត្រូវលុបរហ័ស្សនាមក្របីព្រៃចេញ មិនអាចប្រើបានទៀតនោះទេ ។ ខណៈការប្រកួតត្រូវធ្វើឡើងនៅសង្វៀន Town នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ ៕
អត្ថបទ ៖ គោព្រៃ