អគ្គលេខាធិការ ប្រដាល់សកលកម្ពុជា បញ្ជាក់ថា ជម្រើសជាតិចាស់២រូបថ្មី ត្រូវបានប្តូរជំនួស២រូបដែលឈ្នះមេដាយមាសពីការប្រកួតថ្នាក់ជាតិ

Detail Top Banner

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះថា ជម្រើសជាតិ១៣រូបឆ្នាំចាស់ ត្រូវបានផ្លាស់ប្តូរសមាសភាព២រូបថ្មី ដោយសារកីឡាករ ថា រីវ៉ា ទម្ងន់៤៨គីឡូក្រាម ប្រកួតធ្លាក់ក្នុងជុំទី១ និងកីឡាករ ម៉ាង ព្រហ្មម៉ាញទម្ងន់៦៩គីឡូក្រាម អវត្តមាន ការប្រកួតជ្រើសរើសជើងឯក ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡា។


អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា សមាសភាពកីឡាករ២រូបដែលមកជំនួសកីឡាករ២រូបខាងលើ គឺកីឡាករ លាភ រដ្ឋា ឈ្នះមេដាយមាស និងកីឡាករ មឿន សុខហុច មេដាយមាស លើប្រភេទទម្ងន់ ៧១ គីឡូក្រាម ពីជើងឯកថ្នាក់ជាតិថ្មីៗនេះ ។


អគ្គលេខាធិការ ខាងលើ បានគូបញ្ជាក់ថា សម្រាប់ជម្រើសជាតិក្នុងឆ្នាំ២០២២ ដែលសហព័ន្ធជ្រើសរើសបានហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅវៀតណាម មាន១៣រូប ក្នុងនោះជម្រើសជាតិឆ្នាំចាស់១១រូប សិទ្ធផលនៅល្អប្រសើរ ។


លោកអគ្គលេខាធិការ រំពឹងជឿជាក់ថា ការចូលរួម ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ប្រដាល់សកលកម្ពុជានឹងអាចបំបែកកំណត់ត្រាមេដាយមាសជូនកម្ពុជា ខណៈឆ្នាំ២០១៩ ស៊ីហ្គេម នៅហ្វីលីពីន ដណ្តើមបានមេដាយសំរិទ្ធតែ៥គ្រឿងប៉ុណ្ណោះ ។

គួររំលឹកថា អត្តពលិកកីឡាប្រដាល់សកលកម្ពុជា ពុំធ្លាប់ប្រជែងដណ្តើមបានមេដាយមាសជូនកម្ពុជាបាននូវឡើយនោះទេ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពោល ធ្លាប់ដណ្តើមបានត្រឹមមេដាយប្រាក់ ដោយកីឡាករ លន់ សៀកឡេង ហៅពេជ្រម្ចេសខ្លាំង ក្នុងឆ្នាំ២០១៧ និងមេាដាយសំរិទ្ធ៥គ្រឿង ក្នុងឆ្នាំ២០១៩ នៅហ្វីលីពីន ៕

You might also like