សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសច្រើនជាងគេ សម្រាប់ការប្រកួតកីឡានិស្សិតឧត្តមសិក្សា ឆ្នាំ២០២២

Detail Top Banner

ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញមួយសប្ដាហ៍។


ក្នុងឱកាសនោះឯកឧត្ដម ប៊ូ ជុំសេរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញទាំងអស់ ព្រមទាំងប្រតិភូកីឡានៃសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំង៣៨ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត ក្រមសីលធម៌ Fair Play និងទទួលបានលទ្ធផលល្អជូនសាកលវិទ្យាល័យ។ គណៈកម្មការបច្ចេកទេសទាំង១២បានរៀបចំ និងដឹកនាំការប្រកួតតាមគោលការណ៍បច្ចេកទេសប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរកឃើញនូវកីឡាករ កីឡាការិនីឆ្នើមៗ នាពេលនេះ។


ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា “ដំណើរឆ្ពោះទៅការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីនិស្សិត ជាផ្លូវវែងឆ្ងាយត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយយើងត្រូវការប្រមូលកម្លាំងសរុប និងធនធានសរុប ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យរបស់សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ក៏ដូចជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ និងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០”។


សូមបញ្ជាក់ថា ជាលទ្ធផលក្រុមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈរកំពូលតារាងមេដាយសរុបដែលមានមេដាយមាស២២ ប្រាក់៦ និងសំរឹទ្ធ២ សរុប៣០គ្រឿង។ វិទ្យាស្ថានខេមអេដ មានមេដាយសរុប៣៤គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង, ប្រាក់៩គ្រឿង និងសំរឹទ្ធ១៦គ្រឿង។ សាកលវិទ្យាល័យវេស្ទើនបានមេដាយសរុប១៧គ្រឿង ដែលមានមាស៨គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៤គ្រឿង។សម្រាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងឆ្នាំ២០២២នេះ បានចូលរួមប្រកួតលើ៥ប្រភេទកីឡា មានបាល់បោះ វិញ្ញាសាបុរស, សីដកបុរស នារី, អត្តពលកម្មបុរនារី, តេក្វាន់ដូបុរសនារី និងប៉េតង់បុរសនារី។ កីឡាដែលរកបានមេដាយច្រើនជាងគេ គឺអត្តពលកម្ម ដែលមានមាស១៤គ្រឿង, ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ បានចាប់ផ្ដើមការប្រកួត កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៤៤៣នាក់ មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ដែលប្រកួតលើ ១២ប្រភេទកីឡា ស្មើនឹង ៨៨វិញ្ញាសា៕

You might also like