៣ចំណុចសំខាន់ត្រូវបានគណៈកម្មការស្រ្តី និងកីឡា ពីប្រទេសអាស៊ានគាំទ្រ

Detail Top Banner

សៀមរាប៖ លោកស្រី ប្រាក់ សម្ផស្ស អនុប្រធានគណៈកម្មការស្រ្តី និងកីឡាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គោលការណ៍៣ចំណុចសំខាន់ ដែលកម្ពុជាសំណូមពរ ត្រូវបានគណៈកម្មការស្រ្តី និងកីឡា ពីបណ្តាប្រទេសអាស៊ាន បង្ហាញការគាំទ្រ។ កាបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការស្ត្រី និងកីឡា នៃបណ្ដាប្រទេសអាស៊ាន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ។

លោកស្រី ប្រាក់ សម្ផស្ស ឲ្យដឹងថា ៣ចំណុចសំខាន់ខាងលើ គឺត្រូវបានយកមកពិភាក្សា ក្នុងអង្គប្រជុំ ដើម្បីចូលរួមផ្ដល់មតិយោបល់រកចំណុចល្អ រួមគ្នាមួយ គឺទី១ ស្នើប្រទេសជាសមាជិកស៊ីហ្គេមទាំងអស់លើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងវិស័យ និងការចូលរួមប្រកួតកីឡា ដោយគ្មានការរើសអើងភេទ។ ទី២ សូមឲ្យមានការប្រកួតប្រកបដោយយុត្តិធម៌ (Fair-play) ក្នុងនោះគឺការពិនិត្យភេទកីឡាករ កីឡាការិនីមិនអាចបន្លំប្រុសធ្វើជាស្រីចូលរួមប្រកួតជាមួយក្រុមស្រ្តីបានទេ និងចំណុចទី៣ គណៈកម្មការស្ត្រីសូមឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ធានាសុវត្ថិភាពជុំវិញការរំលោភបំពាន ការបៀតបៀនកេរ្តិ៍ខ្មាស អំឡុងពេលព្រឹត្តិការណ៍ប្រកួត ហើយដាក់ទោសអ្នកប្រព្រឹត្តតាមច្បាប់។

លោកស្រីអនុប្រធានគណៈកម្មការស្រ្តី និងកីឡារូបនេះ បន្តទៀតថា ក្រោយពិភាក្សាគ្នារួចមកគណៈកម្មការស្រ្តី និងកីឡានៃបណ្តាប្រទេសនានា នឹងយកសំណូមសំខាន់ទាំង៣ចំណុច ដាក់ជូនក្នុងអង្គប្រជុំ ស្នើសុំបន្តទៅគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

កិច្ចប្រជុំគណៈកម្មការស្រ្តី និងកីឡា មានការចូលរួមផ្ទាល់ពីសង្ហបុរី និងហ្វីលីពីន ខណៈបណ្តាប្រទេសផ្សេងទៀតចូលរួមតាមប្រព័ន្ធអនឡាញ ដើម្បីផ្ដល់មតិយោបល់បន្ថែមនូវអ្វីដែលជាចំណុចខ្វះខាត ព្រមទាំងបានចែករំលែកបទពិសោធន៍ដែលពួកគេបានឆ្លងកាត់កន្លងមកជាមួយនឹងប្រធានបទទាំង៣ចំណុច ដែលកម្ពុជាសំណូមពរដាក់ជូនទៅគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍តែម្ដង ។

សូមបញ្ជាក់ថា គណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយលោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡាកម្ពុជា លោកស្រី ប្រាក់ សម្ផស្ស ជាអនុប្រធាន និងមានសមាជិកជាច្រើនរូបទៀតផងដែរ៕

You might also like