ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ប្រមូលផ្តុំទៅដោយ Super Star នៃប្រទេសទាំងពីរ
ភ្នំពេញ៖ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ” ពានរង្វាន់សតវត្សរ៍ នៃព្រះធម៌ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។
លោក ខូវ ឆាយ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃនៅឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ មិនា ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្នុងនោះក្រុមបាល់ទាត់គុនខ្មែរជាមួយក្រុមបាល់ទាត់មួយថៃ និងមួយទៀត គឺក្រុមបាល់ទាត់តារាកម្ពុជា ប្រកួត ក្រុមបាល់ទាត់តារាថៃ ដែលបានប្រមូល Super Star នៃប្រទេសទាំងពីរមកជួបជុំគ្នា។
ការប្រកួតខាងលើកនេះដោយមានការចូលរួមសំណាក់ពីក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber Vlogger តារាTikTok នៃប្រទេសកម្ពុជា និងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ នឹងធ្វើការប្រកួតបាល់ទាត់នៅលើវាលស្មៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា ការប្រកួតខាងលើកនេះជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឲ្យមានសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ព្រឹត្តិការណ៍នេះក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន ហើយទូរទស្សន៍របស់ថៃ ក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន ៥០ នាក់។ គោលបំណងរបស់យើង គឺចង់ឲ្យប្រទេសយើងទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ ដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាបនោះគឺជាការប្រកួតមិត្តភាព រិតចំណងមិត្តភាពនៃប្រទេសទាំង២៕