លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង៖ ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបលើកទី ៧៥ នឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសជិតខាងកាន់តែស្អិតរមួត

Detail Top Banner

ភ្នំពេញ៖ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃនៅឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ មិនា ២០២៥ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នឹងជួយអោយទំនាក់ទំនងរវាងប្រទេសជិតខាងកាន់តែស្អិតរមួតជាងមុនទៀត ។

ការថ្លែងលើកឡើងរបស់លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង បានធ្វើឡើង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងឱកាសដែលថ្នាក់ដឹកនាំរបស់ក្រុមបាល់ទាត់ទាំងសងខាង បានជួបមុខគ្នា សម្តែងការគួរសមមុនជំនួបស្អែកនេះមកដល់ ។

លោក ខូវ ឆាយ បានអោយដឹងថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃនៅឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ មិនា ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្នុងនោះក្រុមបាល់ទាត់គុនខ្មែរជាមួយក្រុមបាល់ទាត់មួយថៃ និងមួយទៀត គឺក្រុមបាល់ទាត់តារាកម្ពុជា ប្រកួត ក្រុមបាល់ទាត់តារាថៃ ដែលបានប្រមូល Super Star នៃប្រទេសទាំងពីរមកជួបជុំគ្នា។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន ៥០ នាក់។ គោលបំណងរបស់យើង គឺចង់ឲ្យប្រទេសយើងទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ ដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាបនោះគឺជាការប្រកួតមិត្តភាព រិតចំណងមិត្តភាពនៃប្រទេសទាំង២។

ព្រឹត្តិការណ៍នេះក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន ហើយទូរទស្សន៍របស់ថៃ ក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។

 

You might also like