ស្រុកខ្សាច់កណ្តាល បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាផ្លូវការលើកទី៦

Detail Top Banner

ខេត្តកណ្តាល ៖ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកទី៦ បានបើកការប្រកួតជាផ្លូវការ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីបើកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

កម្មវិធីនេះ មានការចូលរួមពីសំណាក់ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកគណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ និងកម្លាំងសន្តិសុខ ក្រុមយុវជនស្រុក-ឃុំ-ភូមិ ក្រុមកីឡាករពី ១២ ឃុំ ចំនួនសរុប ៤៩៦នាក់ ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំសាររបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងមានប្រសាសន៍ផ្តាំផ្ញើដល់យុវជន ក្រុមកីឡាករ និងសាធារណជនដែលចូលរួម ដោយលើកស្ទួយពីតម្លៃនៃកីឡា ដែលជាវិធីសាស្រ្តដ៏សំខាន់ក្នុងការអភិវឌ្ឍខ្លួន សុខភាព ផ្លូវចិត្ត និងការចងក្រងសាមគ្គីភាពក្នុងសង្គម។

ក៏ដូចជា បានអំពាវនាវឲ្យយុវជននាំគ្នាលេងកីឡា ដោយផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ បង្កើតឯកភាព និងជៀសវាងអំពើហិង្សាទាំងអស់។ ពិសេសការចូលរួមប្រកួតនៅឃុំសង្កាត់ ជាជំហានសំខាន់ក្នុងការកសាងឯកភាព និងអភិវឌ្ឍន៍សង្គមជាតិ។

You might also like