សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដាក់គោលដៅ ដណ្តើមមេដាយ១គ្រឿង ពីស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២២
ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីសម្រួចក្តីសង្ឃឹម ក្នុងការប៉ុនប៉ងមេដាយ១គ្រឿង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា ក្រុមជម្រើសជាតិបានចាកចេញពីការហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងបន្តការហ្វឹកហាត់ នៅខេត្តកែប កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកន្លែងអំណោយផល សម្រាប់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសកម្រិតខ្ពស់ ។ ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ដែលហ្វឹកហាត់ត្រៀម ចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ឆ្នាំនេះមានចំនួន១៤នាក់ (ស្រី៥នាក់) ក្រោមការបង្វឹកពីគ្រូ៤នាក់ ក្នុងនោះមានគ្រូបង្វឹកអន្តរជាតិម្នាក់ជាជនជាតិណូវែលសេឡង់ ។
បច្ចុប្បន្ន ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាបានចុះបញ្ជីស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម រួចរាល់ហើយ ព្រមទាំងទទួលបាន Technical Handbook ដែលជាការកំណត់បច្ចេកទេសលើវិញ្ញាសា រួចហើយផងដែរ ។ ទ្រីយ៉ាត្លុងកម្ពុជានឹងចូលរួមលើ៤វិញ្ញាសា រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង ១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាបុរស-នារី ដែលត្រូវហែលទឹកចម្ងាយ ១៥០០ម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់១០គីឡូម៉ែត្រ ។
២-វិញ្ញសាឌូយ៉ាត្លុងបុរស-នារី មានរត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ ។ លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ជាមួយនឹងការខិតខំហ្វឹកហាត់នេះ យើងប៉ុនប៉ងដណ្តើមមេដាយសំរឹទ្ធ១គ្រឿង ឬបង្កើនសិទ្ធផល (Performance) ឲ្យគៀកទៅនឹងកម្រិតសមិទ្ធផលមេដាយមាស របស់អត្តពលិកទ្រីយ៉ាត្លុង ក្នុងអាស៊ីអាគ្នេយ៍ ដើម្បីសម្រួចគោលដៅដណ្តើមមេដាយមាសឲ្យបាន១គ្រឿង ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ។
លោក ងិន សុខបញ្ញា ក៏បានលើកឡើងទៀតថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺម្ចាស់ផ្ទះកម្ពុជានឹងដាក់វិញ្ញាសា អាគ័រត្លុង (Aquathlon) ជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចំនួន៣០លើក ក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដែលមិនធ្លាប់ដាក់បញ្ចូលឡើយ ។ វិញ្ញាសាអាគ័រត្លុង មានហែលទឹកចម្ងាយ ១០០០ម៉ែត្រ និងរត់៥គីឡូម៉ែត្រ ដែលនេះជាវិញ្ញាសាថ្មី ក្នុងស៊ីហ្គេម ជាលើកដំបូងរៀបចំដោយម្ចាស់ផ្ទះកម្ពុជា ។ បំណងនៃការដាក់បញ្ចូលវិញ្ញាសា១បន្ថែមនេះ គឺដើម្បីស្វែងរកឱកាសកាន់តែច្រើន ដើម្បីគោលដៅក្នុងការប្រជែងមេដាយមាស១គ្រឿង ដោយវិញ្ញាសា អាគ័រត្លុងនេះ យើងមានក្តីសង្ឃឹមខ្ពស់ជាងគេ ខណៈបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏មានឆន្ទៈដូចគ្នា ក្នុងការស្នើសុំឲ្យកម្ពុជា ដាក់បញ្ជូលវិញ្ញាសា អាគ័រត្លុង ក្នុងស៊ីហ្គេម ២០២៣នេះដូចគ្នាផងដែរ ៕