ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ Decathlonចូលរួមអភិវឌ្ឍធនធានកីឡាវ័យក្មេងឆ្ពោះទៅរកសក្កានុពលនាពេលអនាគត
ភ្នំពេញ៖ ក្រោយខកខានអស់រយៈពេលជាង២ឆ្នាំដោយសារតែជំងឺកូវីដ១៩ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់Decathlonយុវជនអាយុក្រោម១៨ឆ្នាំដែលរៀបចំ ដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គាំទ្រឧបត្ថម្ភ ដោយក្រុមហ៊ុនDecathlonបានត្រឡប់មកវិញ ដំណើរប្រកួតរយៈពេល២ថ្ងៃនៅទីលានកីឡាវាយកូនបាល់ ខេមបូឌាខនទ្រីក្លិប។
លោក ទេព រិទ្ធី វិទ្ធ អគ្គលេខាធិការ សហ័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់Decathlonយុវជនអាយុក្រោម១៨ឆ្នាំដែលសហព័ន្ធរៀបចំនេះ បានធ្វើឡើងក្នុងគោលបំណងបណ្តុះសមត្ថភាពធនធានវ័យក្មេងជំនាន់ក្រោយ ដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីសក្កានុពលនៅពេលអនាគត។
លោក អគ្គលេខាធិការ បញ្ជាក់ទៀតថា ធនធានត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះយើងបានត្រៀមបំរ៉ុងអស់ហើយ ប៉ុន្តែក្រោយស៊ីហ្គេម ឆ្នាំ២០២៣ គឺមានតែធនធានកីឡាករកីឡាការិនីវ័យក្មេងទាំងអស់នេះទេ។ ដូច្នោះហើយ ទើបសហព័ន្ធដុតដៃដុលជើងជម្រុញបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពពួកគេ តាមរយៈបង្កើតព្រឹត្តិការណ៍ប្រកួតនៅក្នុងស្រុកឲ្យបានច្រើនក្នុងមួយឆ្នាំៗ ដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍និងបច្ចេកទេសអភិវឌ្ឍខ្លួនក្លាយជាកីឡាករការិនីសក្កានុពលសម្រាប់កម្ពុជា នាពេលអនាគត។
លោក Jean Baptiste Prigente ប្រធានក្រុមហ៊ុនDecathlon ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការដែលក្រុមហ៊ុនDecathlonចូលមកធ្វើការឧបត្ថម្ភដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដោយគាំទ្របង្កើតព្រឹត្តិការណ៍ប្រកួតរាល់ខែនេះ ក្នុងគោលដៅចូលរួមអភិវឌ្ឍវិស័យកីឡាវាយកូនបាល់ឲ្យមានការរីកចំរើន ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ Decathlonយុវជនអាយុក្រោម១៨ឆ្នាំ ដែលសហព័ន្ធរៀបចំ មាន៤ប្រភេទអាយុ គឺ កុមារាអាយុ១០ កុមារីអាយុ១២ កុមារាអាយុ១៤ឆ្នាំ ១៦ឆ្នាំ និង១៨ឆ្នាំ៕