បើកការប្រកួតកីឡារាំ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅ CJCC រាជធានីភ្នំពេញ
ការប្រកួតកីឡារាំនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជានៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC រាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖«ជាមួយនឹងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈនេះ ជាពិសេសកន្លងមក កីឡាករ កីឡាការិនីរាំកម្ពុជាបានចេញទៅប្រកួតនៅវៀតណាមដណ្តើមបានមេដាយកម្រិតពិភពលោកទៀតផង»។
ឯកឧត្តមប្រធានកិត្តិយសសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការប្រមែលប្រមូលធនធានកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រកួតកីឡាជាតិ លើប្រភេទកីឡារាំ ត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានា នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម គណៈកម្មការ បច្ចេកទេស គ្រូបង្វឹកត្រូវឈរលើស្មារតីទទួលខុសត្រូវ ដាក់ពិន្ទុឈរលើភាពយុត្តិធ៌ម តម្លាភាព សុក្រិត្យ មិនលម្អៀង មិនប្រកាន់បក្សពួក។ ចំណែកកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់គោរពនូវបទបញ្ជាប្រកួត ត្រូវរក្សានូវស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួន ក្នុងពេលប្រកួត ប្រឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ប្រទេសជាតិ និងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ខាងមុខប្រកបដោយជោគជ័យ។ បន្ថែមពីលើនេះ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានបានអំពាវនាវផងដែរដល់សប្បុរសជន ក្រុមហ៊ុននានាមេត្តាជួយគាំទ្រវិស័យកីឡារាំ និងសូមបងប្អូនប្រជាពលរដ្ឋ យុវជន យុវតី កុមារា កុមារី នាំគ្នាហាត់កីឡា ដើម្បីសុខភាព ធ្វើឱ្យរាងកាយមាំមួន ប្រាជ្ញាវាងវៃផងដែរ។
«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការគាំទ្រ កោតសរសើ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ញ៉ែម មកេត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ព្រមទាំងក្រុមការងារគណៈកម្មាធិការប្រតិបត្តិទាំងអស់ ដែលបានខិតខំអភិវឌ្ឍវិស័យកីឡារាំអន្តរជាតិនេះពីបាតដៃទទេ ដែលអ្នកដឹកនាំសុទ្ធតែស្ត្រីទៀត ពិសេសកន្លងមកសហព័ន្ធកីឡារាំបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមទទួលជោគជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា»។ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ចុងក្រោយ៕