ឯកឧត្តមបណ្ឌិត ថោង ខុន ៖ ហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ ជាជំហ៊ានថ្មី ដែលកម្ពុជាកំពុងឆ្ពោះទៅមុខ

Detail Top Banner

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ គឺពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀត ក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។


នេះជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក MICHEL GAUNARD ប្រធានគណៈកម្មាធិការកីឡារបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ លោក SUPRAWEE SUKKERD ប្រធានសហព័ន្ធកីឡាកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ និងឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡាបានគូសបញ្ជាក់ថា ថ្ងៃនេះ តាងនាម NOCC ឯកឧត្តមបណ្ឌិតសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូកីឡាកីឡាហែលទឹកពាក់ជើងទាទាំង០៧ប្រទេស និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

ប្រធាន NOCC បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះវិស័យកីឡានៅតែជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍគុណភាពមូលធនមនុស្ស និងលើកកម្ពស់កិត្យានុភាពជាតិជាមួយនឹងការបន្តជំរុញយុទ្ធនាការជាតិ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ផងដែរ។

ប្រភេទកីឡាហែលទឹកពាក់ជើងទាត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្រេចដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតដែលបង្ហាញពីគាំទ្រ និងលើកទឹកចិត្តក្នុងការផ្តល់ឱកាសដល់អត្តពលិកហែលទឹកពាក់ជើងទាបានចូលរួមបង្ហាញគុណផល និងពង្រឹងគុណវុឌ្ឍិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ពហុកីឡាដ៏ធំបំផុតប្រចាំតំបន់នេះ។ ប្រតិភូកីឡា អត្តពលិក និងមន្ត្រីបច្ចេកទេសមួយចំនួនពិតជាបានចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្រ្តនេះ ដែលម្ចាស់ផ្ទះ កម្ពុជាបានបង្ហាញទៅកាន់អន្តរជាតិក្នុងនាម “កម្ពុជាប្រទេសតូចមានបេះដូងធំទូលាយ” ជាមួយអំណោយដ៏ពិសេសថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចបានផ្តល់ដល់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់ក្នុងការស្នាក់នៅ ហូបចុក និង ដឹកជញ្ជូន ផ្តល់សំបុត្រចូលទស្សនាពិធីបើក-បិទជាផ្លូវការនិងគ្រប់ប្រភេទកីឡា ព្រមជាមួយការចូលទស្សនាប្រាសាទអង្គវត្តដោយឥតគិតថ្លៃ ដែលជាប្រវត្តិសាស្រ្តពុំធ្លាប់មាន ក្នុងប្រវត្តិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមរយៈពេល ៦៤ឆ្នាំ កន្លងមក។

«ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (World Underwater Federation) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (Southeast Asian Underwater Federation) ដែលបានសម្រេចជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតលើកដំបូង និងផ្តល់ការគាំទ្រ និងសហការបច្ចេកទេស ដើម្បីឱ្យដំណើរការរៀបចំការប្រកួតនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមបទប្បញ្ញត្តិ និងបញ្ជាបចេ្ចកទេសរបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ»។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍បន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរចំពោះសហព័ន្ធខ្មែរកីឡាហែលទឹកក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូង និងបានខិតខំអភិវឌ្ឍគុណវុឌ្ឍិកីឡាហែលទឹកពាក់ជើងទារហូតដណ្តើមបានមេដាយជាច្រើនក្នុងការប្រកួតកម្រិតអន្តរជាតិ។ ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ គុណផលអត្តពលិកហែលទឹកពាក់ជើងទានៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

You might also like