ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ កម្ពុជានឹងរៀបចំកីឡាយុវជនអាស៊ី-២០២៩ ប្រកបដោយបដិសណ្ឋារកិច្ចល្អ ដូចកាលស៊ីហ្គេម ឆ្នាំ២០២៣

Detail Top Banner

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិ លើកទី២ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃសុក្រនេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាមានប្រសាសន៍ថា កម្ពុជាមានមហិច្ឆតាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ប្រកបដោយភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ ដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិ ដូចកាលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែរ ។

ឯកឧត្តមបន្ដថា «ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ដូចដែលកម្ពុជាធ្លាប់ទទួលបានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងមក» ។

«ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការពិនិត្យឡើងវិញនូវបទដ្ឋាននៃការប្រកួត ដែលឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើង និងសូមដាក់ចេញនូវវិធានការបន្ដពង្រឹងនូវសហព័ន្ធកីឡាជាតិយើង ដើម្បីឲ្យកីឡាជាតិយើង មានសមត្ថភាពរឹងមាំ នៅក្នុងការរៀបចំការប្រកួត ។ ការពង្រឹងការហ្វឹកហាត់ ដើម្បីឲ្យកីឡាករ-កីឡាការិនីយើង មានសមត្ថភាពក្នុងការប្រកួត ទាំងថ្នាក់ជាតិ តំបន់ និងអន្ដរជាតិ» ។


គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកចូលរួមជាង ៥ពាន់នាក់ មកពី ៣ក្រសួង និង ២៥រាជធានី-ខេត្ត ដែលប្រកួតលើកីឡាជាតិ លើកទី៤ ចំនួន ៣៦ប្រភេទកីឡា និងប្រកួតកីឡាជាតិជនពិការ លើកទី២ លើ ៧ប្រភេទកីឡា នៅតាមទីតាំងចំនួន ៥ធំៗ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ដកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ។

ជាលទ្ធផលបច្ចេកទេសរួម សម្រាប់កីឡាជាតិ លើកទី៤ គ្រប់អត្តពលិកក្រសួង និងរាជធានី-ខេត្ដ ចូលរួមប្រកួត សុទ្ធតែដណ្ដើមបានមេដាយ ប៉ុន្ដែក្រសួងមហាផ្ទៃ បានការពារតំណែងដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤៨គ្រឿង (មាស ១២៧, ប្រាក់ ៧២ និងសំរឹទ្ធ ៤៩) ខណៈក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១៨៨គ្រឿង (មាស ៩១, ប្រាក់ ៥៦ និងសំរឹទ្ធ ៤១), ក្រសួងសេដ្ឋកិច្ច ឈរលេខ៣ ឈ្នះមេដាយសរុប ៤៩គ្រឿង (មាស ១៩ ប្រាក់ ១៤ និងសំរឹទ្ធ ១៦) ។ចំណែកតារាងមេដាយ នៃកីឡាជាតិជនពិការ លើកទី២ ក្នុងចំណោម ២៨ក្រសួង និងរាជធានី-ខេត្តចូលរួម គឺមាន ១៧រាជធានី-ខេត្ត ដណ្ដើមបានមេដាយ ខណៈ ១១ក្រសួង និងរាជធានី-ខេត្ត ពុំទទួលបានមេដាយ ។ សម្រាប់ក្រុមឈ្នះមេដាយច្រើនជាងគេ គឺខេត្តកណ្ដាល ដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១៤ ប្រាក់ ៩ និងសំរឹទ្ធ ១៧), ខេត្តតាកែវ ឈរលេខ២ ឈ្នះមេដាយសរុប ១៥គ្រឿង (មាស ១០ ប្រាក់ ១ និងសំរឹទ្ធ ៤) និងខេត្តកែប ឈរលេខ៣ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៨ ប្រាក់ ៤ និងសំរឹទ្ធ ២) ៕

You might also like