ឯកឧត្តម ខូវ ឆាយ ៖ ការនាំគុនខ្មែរទៅក្រិកលើកនេះ គឺផ្សព្វផ្សាយទាំងក្បាច់គុន រួមទាំងសិល្បៈបុរាណរបស់ដូនតាខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងបញ្ជាក់ឱ្យដឹង នៅក្នុងសន្និសីទ សារព័ត៌មាន នាល្ងាចថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងនាំយកគុនខ្មែរ៨រូបទៅធ្វើការប្រកួតនៅប្រទេសក្រិកដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិក ។ កម្មវិធីប្រកួតនេះ នឹងរៀបចំប្រកួតនៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៤នៅប្រទេសក្រិក ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា។
ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ទៀតថា ការចាកចេញរបស់កីឡាករកីឡាការិនីគុនខ្មែរដឹកនាំដោយឯកឧត្តមផ្ទាល់លើកនេះ គឺជាការប្រកួតមិត្តភាពរវាងកីឡាករកីឡាការិនីគុនខ្មែរនិងកីឡាករកីឡាការិនីប្រទេសក្រិកជាការប្រកួតប្រទេសនិងប្រទេសក្រោមកិច្ចសហការរបស់សហព័ន្ធកីឡាអាស៊ានស្ព័តនៅទឹកដីប្រទេសក្រិចជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានចុះអនុស្សារណៈយោគយល់គ្នាចាប់តាំងពីឆ្នាំ២០២៣មកម្លេះ ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនពីគ្នាទៅវិញទៅមក។ លោក ថា ដោយសារតែភាពវ័យចំណាស់នៃក្បាច់គុនខ្មែរបុរាណខ្មែរនេះហើយ ទើបសហព័ន្ធកីឡាប្រដាល់ប្រទេសក្រិកអញ្ជើញឱ្យកម្ពុជានាំយកក្បាច់គុនខ្មែរទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទឹកដីប្រទេសក្រិក ក៏ដូចជានៅអឺរ៉ុបទាំងមូល។
ឯកឧត្តម ប្រធានសហព័ន្ធ អះអាងថា បេសកម្មគុនខ្មែរទៅប្រកួតនៅក្រិកលើកនេះ ជាបេសកម្មដ៏វិសេសវិសាល គឺ មិនមែនទៅដើម្បីប្រកួតតែមួយមុខនោះទេ ពោលយើងទៅបង្ហាញឱ្យពិភពលោកបានឃើញអំពីក្បាច់គុនខ្មែរយើង ទៅដើម្បីផ្សព្វផ្សាយនិងឱ្យគេចូលរួមគាំទ្រគុនខ្មែរ មកចូលរួមជាមួយគុនខ្មែរ និងងាកមកបង្កើតក្លឹបគុនខ្មែរនៅក្រិកនាពេលអនាគតផងដែរ មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធក៏នឹងចំណាយថវិការលើការដឹកជញ្ជូនឧបករណ៍ភ្លេងបុរាណខ្មែរ និងក្រុមអ្នកភ្លេងយកទៅប្រគុំនៅកន្លែងប្រកួតដោយផ្ទាល់ថែមទៀតផង ។
ឯកឧត្តម សង្ឈឹមខ្ពស់ថា បេសកម្មផ្សព្វផ្សាយគុនខ្មែរនៅប្រទេសក្រិកលើកនេះ កីឡាករកីឡាការិនីគុនខ្មែរយើងនិងធ្វើបានល្អប្រកួតដោយមានភាពទាក់ទាញនិងស្វិតស្វាញបំផុត ដើម្បីទាក់ទាញអន្ទងចិត្តឱ្យប្រជាជនក្រិកចូលចិត្តនិងស្រលាញ់គុនខ្មែរ ចង់ឃើញការប្រកួតបន្តបន្ទាប់ទៀត និងចង់មកហ្វឹកហាត់គុនខ្មែរ។សម្រាប់បេសកម្មទៅប្រទេសក្រិកលើកនេះ មិនមែនទៅតែក្រុមកីឡាករនិងប្រតភូនោះទេ ពោលគឺនាំទាំងក្រុមភ្លេងគុនខ្មែរមួយក្រុមទៅផងដែរ។ជាមួយគ្នានោះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឧកញ៉ា សំអាង វឌ្ឍនៈ ប្រធានក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលលោក បានចំណាយថវិកាយ៉ាងច្រើនក្នុងការបញ្ជូនកីឡាករកីឡាការិនី និងប្រតិភូទៅប្រកួតនៅប្រទេសក្រិក ដើម្បីផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់។
សូមបញ្ជាក់ថា សម្រាប់កីឡាករកីឡាការិនីគុនខ្មែរទាំង៨រូបទៅប្រកួតនៅប្រទេសក្រិកលើកនេះ គឺប្រកួតដណ្តើមខ្សែក្រវ៉ាត់ចំនួន៥ខ្សែ និងពានចំនួន៣ ក្នុងនោះសមាសភាពមានដូចជា ធន់ ស្រីពេញ ប្រកួតជាមួយកីឡាការិនីប្រទេសក្រិកលើប្រភេទទម្ងន់៥២គីឡូក្រាម កីឡាករ ធន់ ស៊ីហុង ប្រកួតជាកីឡាករប្រទេសក្រិកលើប្រភេទទម្ងន់៥៧គីឡូក្រាម .កីឡាករ ស៊ន រ៉ាគីម ប្រកួតជាមួយកីឡាករក្រិកលើប្រភេទទម្ងន់៦៣.៥០០ .កីឡាករ គង់ សំបូ ប្រកួតជាមួយកីឡាករប្រទេសក្រិកលើប្រភេទទម្ង់៦៥គីឡូក្រាម. លន បញ្ញា ប្រកួតជាមួយកីឡាករ ក្រិកលើប្រភេទទម្ងន់៦៦គីឡូក្រាម .គីម វាសនា ប្រកួតជាមួយកីឡាករប្រទេសក្រិក លើប្រភេទទម្ងន់៧២គីឡូក្រាម. កីឡាករ ធន់ រិទ្ធី ប្រកួតជាមួយកីឡាករប្រទេសក្រិកលើប្រភេទទម្ងន់៧៦គីឡូក្រាម. ឡុង សុវណ្ណឌឿន ប្រកួតជាមួយកីឡាករប្រទេសក្រិកលើប្រភេទទម្ងន់៨៥គីឡូក្រាម៕