ឯកឧត្តម វ៉ាត់ ចំរើន៖ យើងត្រូវតែពង្រឹងការអភិវឌ្ឍខ្លួនលើធនធានចំណេះដឹង ដើម្បីឆ្លើយតបការវិវឌ្ឍរបស់សង្គមជាតិ
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ស្តីពីការ ពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡា ជម្រើសជាតិ នាព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការនៃ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តនៅឆ្នាំ២០៣០ កម្ពុជានិងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម បានថ្លែងបែបនេះថា៖ យើងត្រូវតែពង្រឹងអភិវឌ្ឍន៍ខ្លួនលើធនធានចំណេះដឹង ដើម្បីឆ្លើយតបការវិវឌ្ឍរបស់សង្គមជាតិផងដែរ។ដូច្នោះហើយ វិស័យកីឡាក៏ជាធនធានមួយដ៏សំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សដែរ។ប្រសិនបើ កីឡាករ កីឡាការិនី ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិនៅពេលអនាគត មិនទទួលបាននូវចំណេះដឹង ជំនាញ សិលធម៌នៃការរស់នៅ និងមិនកំណត់គោលដៅបានច្បាស់លាស់នោះទេ ពួកគេមិនអាចដើរដល់គោលដៅយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលកំណត់ឆ្នាំ២០៣០ និងឆ្នាំ២០៥០ឡើយ។
វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព គ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ ដែលយើងបានធ្វើឡើងនាពេលនេះ គឺជាការចូលរួមជម្រុញឱ្យសមត្ថភាពគ្រូបង្វឹកក្លាយខ្លួនទៅជា គ្រូបង្វឹកដែលមានចំណេះជំនាញស្តង់ដារ បង្ហាត់ក្រុមជម្រើសជាតិដោយវិជ្ជាជីវៈខ្ពស់ជួយឱ្យ កីឡាករកីឡាការិនី ក្លាយទៅជាមានសក្តានុពលកីឡាកម្រិតខ្ពស់សម្រាប់ប្រទេសជាតិ។ ការចងក្រងបាននូវកីឡាកម្រិតខ្ពស់ដែលមានបច្ចេកទេសខ្ពស់ និងគុណផលកីឡាកម្រិតខ្ពស់បាន គឺជាមនុស្សគន្លឹះដែលមានតែ គ្រូបង្វឹកតែមួយគត់។ហើយបើគ្រូបង្វឹកមានសមត្ថភាព និងមានភាពឈ្លាសវៃនៅក្នុងការដឹកនាំល្អ គឺអាចទាញកីឡាកម្រិតខ្ពស់របស់យើងឡើង ។ ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ទៀតថា ឥឡូវនេះផែនការរបស់ ក្រសួងអប់រំ យុវជន និងកីឡា គឺបានដាក់ចេញទៅកាន់សហព័ន្ធកីឡាជាតិ ដើម្បីពង្រឹងសមត្ថភាពជំនាញ និងពង្រឹងការដឹកនាំ មានន័យថា ពង្រឹងជំនាញផ្តោតលើគ្រូបង្វឹក និងពង្រឹងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង គឺពង្រឹងដល់ អគ្គលេខាធិការសហព័ន្ធ ។ ប្រសិនបើក្នុងសហព័ន្ធកីឡាជាតិ នីមួយៗ មានគ្រូមានចំណេះជំនាញដឹកនាំបង្ហាត់ល្អ និងមាន អគ្គលេខាធិការ ដែលមានផែនការច្បាស់លាស់ ជួយបន្ថែមក្នុងការតម្រង់ទិសនោះ នឹងជួយឱ្យគុណផលកីឡាយើងមានការអភិវឌ្ឍទៅជាកីឡាកម្រិតខ្ពស់ដែលមានសកក្តានុពលជាមិនខាន។
គួរបញ្ជាក់ផងដែរថា៖ សិក្ខាសាលានេះ បានរៀបចំឡើង កាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែល ឯកឧត្តម វ៉ាត់ ចំរើន ក៍ជាគ្រូឧទ្ទេសផងដែរ៕