សហព័ន្ធប្រដាល់សកលកម្ពុជា ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩

Detail Top Banner

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា បានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ របស់ខ្លួន ដោយបានបោះឆ្នោត ជ្រើសរើសផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់ដឹកនាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ។

ដោយពិធីសន្និបាទខាងលើ បានធ្វើឡើងនៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីសមាជិកគណៈកម្មាធិការ ប្រតិបត្តិ និងបណ្តាក្លិប ជាសមាជិកសហព័ន្ធ បានផ្តល់សេចក្តីទុកចិត្តគាំទ្រ ដោយការបោះឆ្នោតជ្រើសរើស លោក ប៊ុយ សុភ័ណ្ណ អោយធ្វើជាប្រធានដឹកនាំថ្មី ខណៈប្រធានសហព័ន្ធ អាណត្តិចាស់ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ត្រូវបានតែងតាំងជាប្រធានកិត្តិយស សហព័ន្ធអាណត្តិថ្មី ។

ក្រោយទទួលបានដំណែងថ្មី លោក ប៊ុយ សុភ័ណ្ណ បានដាក់គោលដៅ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានា ប្រភពធនធាន សមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកល ឲ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជាក្នុង ទិសដៅដណ្តើមមេដាយ ក្នុងការប្រកួតកីឡាកម្រិតតំបន់ទ្វីប និងពិភពលោក ពិសេសឈាន ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿងនៃការប្រកួត កីឡាយុវជនអាស៊ីហ្គេម “Asian Youth Games” លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា ។

ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ “IF” និងបន្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការ ប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់ សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លឹបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លឹប”។លោកប្រធានថ្មីបានបន្តថា អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកបដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។

អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួម ប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផល ត្រៀមការប្រកួតជើងឯកប្រចាំទ្វីបនិងពិភពលោក ការប្រកួតពហុកីឡា រួមមាន៖ ស៊ីហ្គេម “SEA “SEA Games” អាស៊ីហ្គេម “Asian Games” និងអូឡាំពិកហ្គេម “Olympic Games” ។លោក ប៊ុយ សុភ័ណ្ណបានបន្ថែមថា បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល និង យុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ត្រៀមចូលរួមការ ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រ កម្ពុជា។ អភិវឌ្ឍប្រដាល់សកលអាជីព “Professional Boxing” តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីព ពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកល អាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីព នៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូល បន្ថែមដល់អត្តពលិក ៕

You might also like