អគ្គលេខាធិសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ដឹកនាំប្រតិភូសហព័ន្ធចូលជួបជូនពរឯកឧត្តម ទៀ សុខា និងឯកឧត្តម ទៀ វិញ ក្នុងឱកាសកាន់តួនាទីតំណែងថ្មី

Detail Top Banner

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូ ជាមន្រ្តី គ្រូបង្វឹក ចូលជួបជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ ដែលព្រះមហាក្សត្រត្រាសបង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជូនពរ ឯកឧត្តមនាវីឯក ទៀ សុខា អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលព្រះមហាក្សត្រត្រាសបង្គប់តែងតាំងជាមេមញ្ជាការកងទ័ពជើងទឹក។


នាឱកាសនោះ ឯកឧត្តម បណ្ឌិត មាស សារិន ក្នុងនាមជាអគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ អតីតមេបញ្ជាកងទ័ពជើងទឹក ដែលត្រូវបានព្រះមហាក្សត្រផ្តល់ទំនុកចិត្តត្រាសបង្គាប់តែងតាំងទៅកាន់មុខងារថ្មី ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ខណៈ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ត្រូវបានព្រះមហាក្សត្រផ្តល់ទុកចិត្តត្រាសបង្គាប់តែងតាំងជា មេបញ្ជាការកងទ័ពជើងទឹក។ ក្នុងនោះ ឯកឧត្តម អគ្គលេខាធិការ បានជូនពរដល់ឯកឧត្តម ទាំងពីរ  ឱ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ការងារភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ជូន ក្នុងការចូលរួមបំរើរជូនជាតិមាតុភូមិ។


ឯកឧត្តម មាស សារិន បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ វិញ និង ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ដែលបានរួមចំណែកផលិតបានធនធានកីឡាករកីឡាការិនីទូកកងទ័ពជើងទឹក ដើម្បីរួមចំណែកចូលរួមការប្រកួតផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ឯកឧត្តម អគ្គលេខាធិការ បានចាត់ទុក អង្គភាពកងទ័ពជើងទឹក គឺជាសមាសភាពដ៏សំខាន់មួយ ដែលរួមចំណែកផលិតបាននូវធនធានកីឡាករកីឡាការិនីទូកកងទ័ពជើងទឹកពោពេញដោយសក្កានុពល ផ្តល់ជូនសហព័ន្ធយកមកបំប៉នជាជម្រើសជាតិទៅទៅប្រកួតប្រជែងដណ្តើមមេដាយជូនជាតិមាតុភូមិពីការប្រកួតលើឆាកអន្តរជាតិ៕

You might also like