លោក សេង ធារិន៖ ការប្រកួតជើងឯកថ្នាក់កីឡាបញ្ចស៊ីឡាត់ អាចដំណើរការបានដោយសារកម្លាំងសាមគ្គី

Detail Top Banner

ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងរយៈពេលខ្លី ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ និងសម្រួចគោលដៅរយៈពេលវែង ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

ការបង្ហាញគន្លឹះអភិវឌ្ឍសំខាន់នេះបានធ្វើឡើងនៅក្នុងឱកាសបើកការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត សាន់តូ ដាម៊ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា។

ឯកឧត្តម សេង ធារិន បានគូសបញ្ជាក់ថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានធ្វើកិច្ចការងារជាច្រើន ក្នុងការអភិវឌ្ឍវិស័យកីឡាបញ្ចស៊ីឡាត់ ដែលជាយុទ្ធសាស្ត្រស្នូល ដូចជា ការប្រមូលផ្តុំកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសក្តានុពល ការពង្រឹកជំនាញរបស់អត្តពលិក តាមរយៈការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ទាំងការបណ្តុះក្នុងស្រុក និងបញ្ជូនទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌូនេស៊ី។ ការកៀរគរការគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាជិកប្រតិបត្តិសហព័ន្ធ ក្នុងការបញ្ចូនអត្តពលិក
ទៅចូលការប្រកួត ទាំងកម្រិតអន្តរជាតិ និងកម្រិតពីភពលោក ដែលលទ្ធផលបច្ចេកទេសចុះក្រោយនេះ កីឡាករ នន់ ស្រមោចក្រហម បានទទួលជ័យលាភីមេដាយសំរឹទ្ធ ក្នុងការប្រកួតកម្រិតពិភពលោក កាលពីខែធ្នូ ឆ្នាំ២០២៤។ប្រធានសហព័ន្ធបានជម្រាបជូនបន្ថែមថា បើទោះបីជាសហព័ន្ធបសម្រេចបានសមិទ្ធផលជាច្រើន ចាប់ទាំងពីព្រឹត្តិការណ៍ស៊ីហ្គេម រហូតដល់បច្ចុប្បន្ននេះក្តី ប៉ុន្តែទាំងនេះមិនទាន់ស្របតាមតម្រូវការ និងគោលដៅនៅឡើយទេ ដោយកិច្ចការងារច្រើនទៀត ដែលយើងត្រូវដាក់ចេញជាគោលការណ៍។ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយនិរន្តភាព និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា សហព័ន្ធនឹងបន្តពង្រីបន្ថែមការចូលរួមពីសមាគម និងក្លឹបបញ្ចស៊ីឡាត់ ជាមួយនឹងបន្ថែមការផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងកីឡាបញ្ចស៊ីឡាត់។ បង្កើតវគ្គបណ្តុះបណ្តាលចំពោះអត្តពលិក និងមន្ត្រីបច្ចេកទេស ជំរុញឱ្យមន្ត្រីបច្ចេកទេសទទួល License កម្រិតអន្តរជាតិ និងគ្រូកម្រិតអន្តរជាត។

សហព័ន្ធបន្តរៀបចំកម្មវិធីហ្វឹកហាត់ និងទីតាំងហ្វឹកហាត់ស្តង់ដា រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាប្រចាំឆ្នាំឱ្យបានទៀងទាត់ និងកាប្រកួតមិត្តភាពនានា។ ពង្រីកលទ្ធភាពក្នុងការបញ្ចូនអត្តពលិក ចូលរួមការប្រកួតនៅក្រៅប្រទេស ការសម្រួចគោលដៅរយៈពេលខ្លី ក្នុងការដណ្តើមជ័យលាភី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។ ការសម្រួចគោលដៅរយៈពេលវែង ក្នុងការបណ្តុះបណ្តាលអត្តពលិកថ្នាល សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម សេង ធារិន បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំទី១នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់កីឡាបញ្ចស៊ីឡាត់នៅក្នុងប្រទេស ដោយបានប្រមូលផ្តុំអត្តពលិកឆ្នើម ដើម្បីបង្ហាញពីជំនាញ វិន័យ និងស្មារតីពិតនៃសិល្បៈក្បាច់គុនមួយនេះ។ បញ្ចស៊ីឡាត់ មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ជាគឺជាមរតកអរូបិយមួយរបស់មនុស្សជាតិ ហើយមានប្រវត្តិយូរលុង ដែលមានជាប់ពាក់ព័ន្ធជាមួយជនជាតិខ្មែរ តាំងសម័យបុរាណ ដែលក្នុងនោះបានបង្កប់នូវប្រពៃណី ទំនៀមទម្លាប់មួយចំនួន ដែលមានភាពប្រហាក់ប្រហែលគ្នារបស់ជនជាតិខ្មែរ និងឥណ្ឌូណេស៊ីផងដែរ។

ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឱ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥នេះទទួលបានការចុះឈ្មោះចូលរួមពី២២សាលាគុនមកពី៩រាជធានី-ខេត្ត និងមានអត្តពលិកសរុប ១២៧នាក់ (កីឡាករ ៨៦នាក់ និងកីឡាការិនី៤១នាក់) និងបូកសរុបរួមទាំងប្រតិភូគ្រូបង្វឹក មន្ត្រីគណៈកម្មការ ក្រុមការងារទទួលបន្ទុកអនុគណៈកម្មការនីមួយ មានចំនួនសរុប ២១២នាក់។ ចំពោះវិញ្ញាសាមានចំនួន ១៥ ក្នុងនោះមានប្រយុទ្ធផ្នែកបុរស ៩វិញ្ញាសា និងប្រយុទ្ធនារី ៦វិញ្ញាសា៕

You might also like