អគ្គលេខាធិការកីឡាវាយសីកម្ពុជា អះអាងថា ការប្រកួតវាយសីអបអរទិវាជ័យជំនះថ្ងៃ៧មករា ឆ្នាំ ២០២១នេះ ខេត្តសៀមរាបធ្វើម្ចាស់ផ្ទះ

Detail Top Banner

អគ្គលេខាធិការ សហព័ន្ធកីឡាកីឡាវាយសីកម្ពុជា ឧត្តមសេនីយ៍ទោ ជាម សុភា បានអោយដឹងនាព្រឹកថ្ងៃទី៦ ម្សិលមិញថា ការប្រកួតកីឡាវាយសីអបអរសាទរទិវាជ័យជំនះ ថ្ងៃ៧មករា ដែលសហព័ន្ធកីឡាវាយសីកម្ពុជា តែងតែរៀបចំ ដើម្បីរំលឹកដឹងគុណថ្ងៃ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្ររំដោះប្រជាជនកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ២០២១នេះ នឹងរៀបចំធ្វើនៅទីរួមខេត្តសៀមរាប នាចុងខែមករាខាងមុខនេះ ។

ឧត្តមសេនីយ៍ទោរូបនេះ អះអាងទៀតថា ឆ្នាំ២០២១នេះ សហព័ន្ធនឹងរៀបចំពានរង្វាន់នេះអោយមានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ខណៈខេត្តសៀមរាបជាប៉ូលទេសចរណ៌ដ៏ទាក់ទាញ ជាពិសេផ្តល់ឱកាសឲ្យអត្តពលិកចូលរួមមកពីបណ្តាខេត្ត-ក្រុង បានលេងដើរកំសាន្តផងដែរ ។


អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសី ៧មករា ដែលសហព័ន្ធរៀបចំជារៀងរាល់ឆ្នាំនេះ ក្រៅពីគោលបំណងរំលឹកដឹងគុណថ្ងៃ៧មករា ក៏ធ្វើឡើងដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព រវាងខេត្ត និងខេត្ត ពិសេសចង់ឲ្យយុវជនជំនាន់ក្រោយបានស្វែងយល់ពី ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសី អបអរសាទទិវាជ័យ ៧មករា គិតត្រឹមឆ្នាំ២០២១នេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំតាមបណ្តាខេត្តចំនួន២១ឆ្នាំមកហើយ ក្នុងគោលបំណងផ្សារភ្ជាប់សាមគ្គីភាព មិត្តភាពរវាងខេត្ត និងខេត្ត ជាពិសេសរំលឹកដឹងគុណថ្ងៃ៧មករា ១៩៧៩ ថ្ងៃប្រវត្តិសាស្រ្តរំដោះប្រជាជនកម្ពុជា រួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ៕

You might also like