លោកប៊ុយ សុភ័ណ អះអាងថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ជាការវាសស្ទង់ត្រៀមស៊ីហ្គេម នៅវៀតណាម
លោកប៊ុយ សុភ័ណ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថ្លែងឱកាសដែលលោកអញ្ជើញចូលរួម ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថាការប្រកួតនេះ គឺជាការវាសស្ទង់សមត្ថភាពអត្តពលិកត្រៀមស៊ីហ្គេម នៅវៀតណាម ។
លោកអគ្គលេខាធិការ បានអោយដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះបានលើកពេល២ដងរួមមកហើយ ដោយសារបញ្ហាកូវីត១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោក ។ លោកប៊ុយ សុភ័ណ បញ្ជាក់ថា ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហព័ន្ធ ក្នុងការស្វែករកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីជ្រើសរើសចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ក្នុងការត្រៀមខ្លួនដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅប្រទេសវៀតណាត ដែលចាប់ផ្តើមនាអំឡុងខែធ្នូ ចុងឆ្នាំ២០២១ ខាងមុខ។ អគ្គលេខាធិការ រូបនេះបានបន្ថែមថា ក្នុងការតៀមខ្លួនប្រជែងមេដាយនៅវៀតណាមលើកនេះ សហព័ន្ធបានធ្វើការកែប្រែទម្រង់ នាំយកគ្រូបង្វឹកបរទេស ដែលមានបទពិសោធមកធ្វើការបង្វឹកដល់អត្តពលិកជម្រើសជាតិ ។ សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៨ គ្រោងនិងបញ្ចប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលមានកីឡាករ កីឡាការិនីសរុប៣៨នាក់ មកពីសមាគមន៍ រាជធានីខេត្តចំនួន១១ចូលរួមប្រកួត ដោយបុរសបែងចែកជា៧ ប្រភេទទម្ងន់ ឯនារីតែ១ប្រភេទទម្ងន់ប៉ុណ្ណោះ៕