ឆ្នាំ២០២១ កាយសម្ព័ន្ធបង្ហាញទិសដៅ២ ជម្រុញអភិវឌ្ឍសមត្ថអត្តពលិកជម្រើសជាតិត្រៀមប្រជែងដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២៣

Detail Top Banner

អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ និងពានរង្វាន់ឯកឧត្តម ថោង ខុន លើកទី៤ ឆ្នាំ២០២០ នាល្ងាចថ្ងៃ ទី១៩ ខែ មករា ឆ្នាំ២០២១ថា ការប្រកួតក្នុងឆ្នាំ២០២០នេះ អត្តពលិកចូលរួម គឺមានការប្រកួតប្រជែងខ្លាំង ជាកាមួយបង្កលក្ខណៈ ធ្វើឲ្យសហព័ន្ធងាយស្រួលជ្រើសរើសបានកីឡាករកីឡាការិនីល្អៗហ្វឹកហាត់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការខាងលើ អះអាងទៀតថា កីឡាករការិនីដែលជ្រើសរើសចេញពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ពួកគេមួយចំនួននឹងត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលវែងនៅសាធារណរដ្ឋប្រជាមានិតចិន និងមួយផ្នែកទៀតត្រៀមហ្វឹកហាត់បំប៉ន នៅក្នុងស្រុកជាមួយគ្រូបង្វឹកជនជាតិរុស្ស៊ីដែលគ្រោងនឹងមកដល់កម្ពុជានៅពេលឆាប់ៗខាងមុខនេះ។
អគ្គលេខាធិការរូបនេះ ពន្យល់ថា ទិសដៅបញ្ជូនទៅចិន និងការនាំយកគ្រូជនជាតិរុស្ស៊ីមកបង្ហាត់នៅកម្ពុជា គឺជាការសម្រួចសមត្ថភាពអត្តពលិកជម្រើសជាតិរបស់យើងធ្វើយ៉ាងណាឲ្យប្រជែងដណ្តើមបានមេដាយជូនកម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការកាយសម្ព័ន្ធ លោក ណយ ផាណា បន្ថែមទៀតថា ក្រៅពីផែនការធំចំនួន២ខាងលើដែលយើងត្រៀមសម្រួចចាប់ពីឆ្នាំ២០២១ទៅ សម្រាប់ក្នុងស្រុកយើងមានផែនការជាច្រើនទៀតដូចជាការបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលកម្រិតជាតិ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ដែលគ្រោងរៀបចំនៅខែ មិថុនា ដើម្បីផលិតបានធនធានឆ្នើមៗត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ជាប្រត្តិសាស្រ្តលើកដំបូងនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកឡើងថា ដើម្បីត្រៀមការចូលរួមប្រកួតក្នុងស៊ីហ្គេមនេះ ភាគីចិនបានត្រៀមទទួលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ១០០នាក់ ក្នុងនោះមានក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធចំនួន១០នាក់ផងដែរ ដើម្បីហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលវែង។
ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ឱ្យបានល្អ ដើម្បីប្រកួតប្រជែងមេដាយឱ្យបានច្រើន ក្នុងនាមជាម្ចាស់ផ្ទះ ម្យ៉ាងទៀតអ្វីដែលសំខាន់មួយទៀត គឺការទទួលបដិសណ្ឋារកិច្ចឱ្យបានល្អ ប្រកបដោយភាពកក់ក្តៅសម្រាប់មិត្តភ័ក្ត្រជាសមាជិកអាស៊ានដូចគ្នា និងភ្ញៀវអន្តរជាតិនានា នៅឆ្នាំ២០២១នេះដែរ ក៏យើងត្រូវត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ហើយនៅឆ្នាំ២០២៣ ដល់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ៕

You might also like