ប្រដាល់សកលគ្រោងរៀបចំការប្រកួតដោយខ្លួនឯង ពង្រឹងសមត្ថភាពអត្តពលិកជម្រើសជាតិត្រៀមប្រជែងមេដាយនៅវៀតណាម ចុងឆ្នាំ២០២១
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហើប ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ នាល្ងាចថ្ងៃទី២១ ខែមករាម្សិលមិញថា ចាប់ពីឆ្នាំ២០២១នេះទៅ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងស្វែងរកការឧបត្ថម្ភគាំទ្រ បង្កើតការប្រកួតដោយខ្លួនឯង ដើម្បីពង្រឹងអភិវឌ្ឍ កម្រិតបច្ចេកទេសជម្រើសជាតិ ឈានទៅរកសក្តានុពល ត្រៀមប្រជែងដណ្តើមមេដាយពីការប្រកួតកីឡា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ខាងមុខ ។
លោក ពន្យល់ថា មូលហេតុដែលយើងចាំបាច់ត្រូវតែបង្កើតកម្មវិធីប្រកួតដោយខ្លួនឯង ព្រោះបច្ចុប្បន្នកីឡាករប្រដាល់សកល ពុំមានការប្រកួតប្រជែងច្រើន ដូចប្រដាល់គុនខ្មែរនោះទេ ពោលក្នុងមួយឆ្នាំប្រកួតបានតែជើងឯកថ្នាក់ជាតិមួយប៉ុណ្ណោះ ។ ការប្រកួតមានចំនួនតិចតួចបែបនេះហើយ ធ្វើឲ្យគុណភាពបច្ចេកទេសជម្រើសជាតិ មានការធ្លាក់ចុះមិនអាចប្រជែងដណ្តើមបានជោគជ័យជូនជាតិ ពីការប្រកួតកម្រិតអន្តរជាតិបានឡើយ ។ ដូច្នោះចាប់ពី ខែមេសា ឆ្នាំ២០២១ទៅ សហព័ន្ធ នឹងបង្កើតការប្រកួតរៀងរាល់មួយខែម្តង ឬមួយសប្តាហ៌ម្តង អាស្រ័យលើលទ្ធភាព ដើម្បីពង្រឹងគុណភាពបច្ចេកទេស កីឡាករ កីឡាការិនី ជាជាងឲ្យពួកគេឡើងប្រកួតគុនខ្មែរ។
អគ្គលេខាធិការខាងលើ អះអាងទៀតថា ក្រៅពីការប្រកួត ដែលសហព័ន្ធគ្រោងរៀបចំដោយខ្លួនឯង នៅក្នុងស្រុកសហព័ន្ធក៍គ្រោងស្នើរសុំ គ្រូបរទេស២រូប គឺគ្រូបង្វឹកគុយបា និងអង់គ្លេសមកជួយបង្ហាត់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិបន្ថែមទៀត ដ្បិតឆ្នាំនេះ យើងមិនបានទៅហ្វឹកហាត់ពង្រឹងបច្ចេកទេសនៅក្រៅប្រទេស ដោយសារតែជំងឺកូវីដ១៩។
លោក បញ្ជាក់ទៀតថា កីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជា ឆ្នាំ២០២១នេះ ជម្រើសរើស១៦រូប ក្នុងកីឡាករ កីឡាការិនីនៅក្នុងស្រុក១៥រូប និងក្រៅស្រុកមួយរូប គឺកីឡាករកូនខ្មែរកាត់អាមេរិក អេ រេចប៉ែន ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ សម្រួចសមត្ថភាព នៅក្លិបមួយក្នុងប្រទេសវៀតណាម។
សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន៤១រូប ដែលក្នុងនោះ មានកីឡាការិនីចំនួន៥រូប ។ ក្រុមប្រដាល់សកល ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេ ឈរនៅចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន២គ្រឿង ។ក្រសួងការពារជាតិឈរនៅលំដាប់លេខ២ ដោយប្រជែងបានមេដាយមាសចំនួន២គ្រឿង និងមេដាយសំរិទ្ធចំនួន១គ្រឿង ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ។ ខេត្តកណ្ដាលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង ។ ចំពោះរាជធានី ខេត្តដទៃទៀតប្រជែងបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរិទ្ធប៉ុណ្ណោះ ៕