ឯកឧត្តម ច័ន្ទ សារុន បន្តជាប្រធាន ខណៈឯកឧត្តម វ៉ាត់ ចំរើនក្លាយជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោ អាណត្តិថ្មី ២០២១-២០២៤

Detail Top Banner

ភ្នំពេញ៖ តាមរយៈមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ និងបន្តអាណត្តិថ្មី ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ទទួលបានការគាំទ្រ ក្នុងការដឹកនាំជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ខណៈឯកឧត្តមវ៉ាត់ ចំរើន ក្លាយជាអគ្គលេខាធិការ អាណត្តិថ្មីទី៥ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ។ ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាគុនល្បុក្កោកម្ពុជាទទួលបានសិទ្ធិពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ដែលនេះជាលើកទី១ ដែលកម្ពុជាបានរៀបចំលើប្រភេទកីឡាព្រឹលឹងវប្បធម៌ខ្មែរមួយនេះក្នុងកម្រិតតំបន់អាស៊ីអាគ្នេយ៍ ហើយនៅឆ្នាំ២០២២ នឹងឲ្យប្រទេសណាមួយទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍កីឡាគុនល្បុក្កតោនេះ ម្តង ដែលកម្ពុជានឹងជួយដល់ការរៀបចំនេះ ហើយយើងនឹងរៀបចំការប្រកួតមុនស៊ីហ្គេម គុនល្បុក្កតោ ( Pre-SEA Games ) ម្តងទៀត មុនឈានដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើង ។ ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ថា ពេលនេះយើងបានឯកភាពគ្នា រួបរួមគ្នា និងចាប់ដៃគ្នា ដើម្បីរួមគ្នាបន្តការអភិវឌ្ឍ និងអភិរក្សក្បាច់គុនល្បុក្កតោរបស់កម្ពុជាយើងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើយើងមិនបានឯកភាពគ្នាផ្ទៃក្នុងនោះ យើងក៏មិនអាចដឹកនាំចលនាកីឡាប្រពៃណីវប្បធម៌ជាតិខ្មែរមួយនេះទៅកាន់អន្តរជាតិនោះបានទេ ហើយ ប្រភេទកីឡាគុនល្បុក្កតោកម្ពុជាក៏ត្រៀមដឹកនាំការការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម បន្តទៀតថា ដើម្បីត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣នេះ គឺលោកគ្រូតា សាន គឹមស៊ាន នឹងទៅបង្ហាត់បង្រៀនគុនល្បុក្កតោ នៅប្រទេមីយ៉ានម៉ាមុនគេ បន្ទាប់មកប្រទេសឡាវ វៀតណាម និងហ្វីលីពីន។

សូមបញ្ជាក់ថា សមាសភាពសមាជិកប្រតិបត្តិថ្មីទាំង១៩រូបរួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា, ឯកឧត្តម កែវ រ៉េមី, លោក ហ៊ុល ប៊ុនថា, លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន, លោកព្រឹទ្ធាចារ្យ ហុក ឈាងគឹម, លោក ហេង ម៉េងហួ ជាអនុប្រធាន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ខណៈលោក ជា សុខភួង, លោក សាន អង្គររាជវ័ន្ទ និងលោក អ៊ូ តារា អគ្គលេខាធិការរង, លោក វី តារា ជាអគ្គហិរញ្ញឹក រីឯសមាជិកដទៃទៀត រួមមានលោក ឡាយ រ៉ៃយ៉ុង, លោក រឿន រស្មី, កញ្ញា រឿន សុមានិច, លោក ញ៉ែម ស៊ន, លោក ងួន សុជាតិ, លោក ហែម ចិត្រ្តា, លោក ហុក ភារម្យ និងលោក ចាន់ឬទិ្ធស័ក្ត៕

You might also like