កីឡាករការិនី ឆ្នើមដែលជាប់ជើងឯក ឆ្នាំ២០២០ មានឱកាសខ្ពស់ចូលរួមប្រកួតគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

Detail Top Banner

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ប្រាប់អ្នកព័ត៍មាន ក្រោយបញ្ចប់ពិធីបើកការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ កាលពីល្ងាច ថ្ងៃសុក្រ ទី២២ ខែមករា ម្សិលមិញថា នៅចុងឆ្នាំ២០២១ខាងមុខនេះ សហព័ន្ធកីឡាគុនល្បុក្កតោ នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ដែលគ្រោង នឹងអញ្ជើញប្រទេសចូលរួមចំនួន៤ប្រទេស គឺ ហ្វីលីពីន ឡាវ វៀតណាម និងប្រទេស មីយ៉ាន់ម៉ា ដោយធ្វើការប្រកួតលើ២០វិញ្ញាសារ ។

អគ្គលេខាធិការរងខាងលើ បញ្ជាក់ទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺសហព័ន្ធចង់ពង្រឹងគុណភាព កីឡាករការិនី និងមន្រ្តីចៅក្រុមអាជ្ញាកណ្តាល ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការរូបនេះ ពន្យល់ទៀតថា តួយ៉ាងដូចការប្រកួតកីឡាល្បុក្កតោជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះជាដើម យើងចាប់ផ្តើមផ្លាស់ប្តូរទម្រង ការបំពេញកិច្ចការងាររបស់គណៈកម្មការបច្ចេកទេស ក្នុងនោះយើងចាប់ផ្តើមប្តូរទម្រង់ នៃអាជ្ញាកណ្តាលចៅក្រម និងទម្រង់ទីលានឲ្យត្រូវស្តង់ដាអន្តរជាតិ ហើយ រំលេចចេញនូវអត្តសញ្ញណកីឡាគុនល្បុក្កតោរបស់យើងខុសពីការប្រកួតឆ្នាំៗមុន។

អគ្គលេខាធិការរង អះអាងទៀតថា ជាមួយការបោះជំហានឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះនោះ សហព័ន្ធមានផែនការជាច្រើនដែលត្រូវអនុវត្ត ហើយ ផែនការចាំបាច់បំផុតនោះ គឺការបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមឲ្យទៅជាកម្រិតអន្តរជាតិ និងការបញ្ជូនគ្រូបង្វឹករបស់យើងទៅហ្វឹកហាត់កីឡាករការិនីប្រទេសសមាជិកដែលត្រូវមកចូលរួមប្រកួតនៅប្រទេសយើង។

អគ្គលេខាធិការរូបនេះ បានគូបញ្ជាក់ទៀតថា សម្រាប់ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០នេះ កីឡាករការិនីឆ្នើមដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ទទួលឱកាសច្រើនជាប់ជាជម្រើសជាតិ ហើយក៍មានឱកាសខ្ពស់បានចូលរួមការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅអំឡុងខែ តុលា ឆ្នាំ២០២១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០នេះ ប្រតិភូកីឡាករការិនីចូលរួមចំនួន១៩៣នាក់មកពី២៤សាលាគុនចូលរួម ដោយធ្វើការប្រកួតលើ១៨វិញ្ញាសា មានវិញ្ញសាសម្តែង និងប្រយុទ្ធ គឺបុរស៤ប្រភេទទម្ងន់ និងនារី២ប្រភេទទម្ងន់៕

You might also like