ប្រធានក្លិបកីឡាវាយកូនគោល ស៊ី ធី ហ្គោល បញ្ជាក់ថា ប្រទេសមានសុខសន្តិភាព ទើបផ្តល់ឱកាសឲ្យកីឡាករបានជួបជុំប្រកួតបង្កើនសាមគ្គីភាព និងមិត្តភាព

Detail Top Banner

ទីលាន ស៊ី ធី ហ្គោល បានរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់ ស៊ី ធី ហ្គោល ឆ្នាំ២០២១ រំលឹកខួបនៃការបង្កើតទីលានរបស់ខ្លួន ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រយៈពេល១ថ្ងៃ ក្រោមអធិតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ។   តាមការបញ្ជាក់របស់លោក លីគា អ្នកចាត់ទូទៅក្លិបកីឡាវាយកូនគោល ស៊ី ធី ហ្គោល បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ ស៊ី ធី ហ្គោល ឆ្នាំ២០២១នេះ មានកីឡាករកីឡាការិនី ចូលរួមសរុបចំនួន១១០នាក់ បែងចែកជា២ គឺក្រុម B កីឡាករ កីឡាការិនីពាក់កណ្តាលអាជីព ប្រកួតពេលព្រឹកចំនួន៥៤នាក់ និងពេលល្ងាចកីឡាករ កីឡាការិនី ក្រុម A កីឡាករជំនាញខ្ពស់ចូលរួមចំនួន៥៦នាក់ ។ អ្នកចាត់ការទូទៅខាងលើ អះអាងទៀតថា ការប្រកួតអបអរសាទររំលឹកខួបស៊ីធីហ្គោលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនគោល នៅកម្ពុជា ជាពិសេស បង្កភាពសប្បាយរីករាយ រិតចំណងមិត្តភាព សាមគ្គីភាព បង្កើនទំនាក់ទំនងកិច្ចសហការរវាងកីឡាករ និកីឡាករ មកពីស្ថាប័នផ្សេងៗគ្នា ក្រោមដំបូលសន្តិភាព ។ លោក បញ្ជាក់ទៀតថា តាមរយៈបទពិសោធន៍រៀបចំការប្រកួតជាច្រើនឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថា រយៈពេល៣ឆ្នាំចុងក្រោយ កីឡាករ កីឡាករិនីកូនគោល មានការកើនឡើង៥០% ទាំងបទពិសោធន៍ និងបច្ចេកទេស ។

ដោយឡែក លោក ឧកញ៉ា ឈុន អូន ម្ចាស់ទីលានកីឡាវាយកូនគោល ស៊ី ធី ហ្គោល បានមានប្រសាសន៍ថា ទីលាន ស៊ី ធី ហ្គោល តែងតែការប្រកួតជារៀងរាល់ឆ្នាំនេះ ដោយសារតែព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកឧកញ៉ា បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាស្ថានិកសន្តិភាព ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យកីឡាផងដែរ ។ លោកឧកញ៉ា ឈុន អូន បន្ថែមទៀតថា ដោយសារតែកក្តាសុខសន្តិភាព ទើបធ្វើកីឡាករ កីឡាករិនីកូនគោល មានឱកាសបានមកជួបជុំគ្នាប្រកួត ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព ។ ជាមួយគ្នានោះ លោកឧកញ៉ា ឈុន អូន ក៏បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនីមន្រ្តីបច្ចេកទេស ពិសេសបណ្តាក្រុមហ៊ុនជាដៃគូរ ដែលបានចូលរួមឧបត្ថម្ភធ្វើឲ្យការប្រកួតបញ្ចប់ទៅជោគជ័យ ។ កីឡាករ ម៉ុន សុខជា លេខ១កម្រិតA និង កីឡាករ ម៉ួន វាសនា លេខ១កម្រិតB បានលើកឡើងថា ការរៀបចំពានរង្វាន់នេះ ពិតជាល្អខ្លាំងណាស់ ព្រោះបានផ្តល់ឱកាសឲ្យកីឡាករកីឡាករិនីវាយកូនគោលបានប្រកួតប្រជែងបច្ចេញសមត្ថភាព។

ឆ្លងកាត់ការប្រកួតពេញមួយថ្ងៃជាលទ្ធផលកម្រិតA ចំណាត់ថ្នាក់លេខ១ កីឡាករ ម៉ុន សុខជា ចំណាត់លេខ២ បានទៅលើកីឡាករ ឈិន ចាន់សង្ហា និង ចំណាត់លេខ៣បានទៅលើកីឡាករ អ៊ិន ចាន់ថា។ ដោយឡែកកម្រិតB ចំណាត់ថ្នាក់លេខ១បានទៅលើ កីឡាករ ម៉ួន វាសនា ចំណាត់លេខ២បានទៅលើកីឡាករ ភួង ណាវុធ និង ចំណាត់លេខ៣ បានទៅលើកីឡាករ អ៊ុក ស៊ីវុធថា ៕

You might also like