ប្រធានសហព័ន្ធកីឡាបាល់ទះ បានប្ដេជ្ញាចិត្ត ជួយជ្រោមជ្រែងកីឡាបាល់ទះជនពិការ និងកីឡាបាល់ទះឆ្នេរខ្សាច់
ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានប្ដេជ្ញាចិត្ត ជួយជ្រោមជ្រែងកីឡាបាល់ទះជនពិការ និងកីឡាបាល់ទះឆ្នេរខ្សាច់ ឆ្ពោះទៅស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
ការប្តេចជ្ញាចិត្តរបស់ឯកឧត្តម យ៉ាងដូច្នេះ នៅក្នុងឱកាសបិទការប្រកួតជ្រើសរើសជើងឯក ពានរង្វាន់បាល់ទះ មិត្តភាព អបអរខួបលើកទី៤២ ទិវាជ័យជម្នះ៧មករា នាល្ងាចថ្ងៃទី២៥ ខែមករា នៅកីឡដ្ឋានបាល់ទះវិសាខា រាជធានីភ្នំពេញ ។
ឯកឧត្តម នេត សាវឿន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ និងជំរុញអោយមានព្រឹត្តិការណ៍ ប្រកួតបាល់ទះធំៗចំនួន២ ដែលរៀបចំដោយសហព័ន្ធបាល់ទះកម្ពុជាគឺ ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដោយឯកឧត្តស្នើឲ្យគ្រប់អង្គភាព ទាំងរដ្ឋ ឯកជន និងគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួនចូលរួមការប្រកួតនេះ ។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្ត ឲ្យកីឡាករគ្រប់ក្រុមបន្ដការខិតខំបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតសំខាន់ៗនាពេលខាងមុខ ជាពិសេសគោលដៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
សូមបញ្ជាក់ ពានរង្វាន់បាល់ទះ មិត្តភាព អបអរខួបលើកទី៤២ ទិវាជ័យជម្នះ៧មករា មាន៥ក្រុមចូលរួមប្រកួតប្រជែង ក្រុមបាល់ទះវិសាខា ក្លាយជាម្ចាស់ជើងឯក ទទួលបានប្រាក់រង្វាន់ ៥លានរៀល, លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ៣លានរៀល និងលេខ៣ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ទទួលបានប្រាក់រង្វាន់២លានរៀល ខណៈ២ក្រុមទៀតក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចគ្នាផងដែរ ៕