ក្រសួងអប់រំបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា
នាព្រឹកថ្ងៃ ទី២៦ ខែ មករា ឆ្នាំ ២០២១នេះ គណៈកម្មការតាក់តែងច្បាប់អគ្គនាកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតហ្វឹកហ្វឺនកីឡា។
កិច្ចប្រជុំនេះមានការចូលរួមពីសហប័ន្ធកីឡាជាតិ ដឹកនាំដោយ ឯកឧត្តម ប៊ូ ជុំសសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន ។
ឯកឧត្តម ប៊ូ ជុំសេរី មានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡាដែលលើកមកប្រជុំពិភាក្សានាព្រឹកនេះ មាន៦០មាត្រា។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងប្រមូលយោបល់ សូមណូមពរនិងអនុសាសន៍ថ្មីៗ ដើម្បីធ្វើជាធាតុចូលបន្ថែម ឲ្យគ្រប់ជ្រុងជ្រោយស្របទៅនិងស្ថានភាពជាក់ស្តែងនៃការអនុវត្តកម្មវិធីអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ទន្ទឹមនិងនោះ យើងចង់ឲ្យស្របទៅតាមគោលនយោបាយជាតិនៃការអភិវឌ្ឍវិស័យកីឡាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងទស្សនៈមួយឈានឆ្ពោះទៅរកការកែទម្រង់ស្របតាមប្រសាសន៍របស់សម្តេចតេ ហ៊ុន សែន ដែលបានដាក់ចេញ កាលពីឆ្នាំ ២០២០។ ឯកឧត្តម ពន្យល់ទៀតថា ច្បាប់ទាំងអស់មាន៨ជំពួកជាង១៥០មាត្រា ប៉ុន្តែនាពេលនេះយើងយកតែជំពួកទី២មាន៦០មាត្រា ស្តីអំពីការគ្រប់គ្រងក្នុងសង្គមកីឡាយកមកពិភាក្សា៕