ឯកឧត្តម ស៊ឹម សូយុង អះអាងថា ព្រឹត្តិការណ៍ប្រកួតខ្លែងឯកខ្មែររៀបចំឡើង ដើម្បីអភិរក្សនិងរក្សាកេរ្តិ៍ដំណែលខ្លែងឯកខ្មែរ
ព្រឹត្តិការណ៍ប្រកួតកីឡាខ្លែងឯកដែលរៀបចំដោយឯកឧត្តម ស៊ឹម សូយុង ក្នុងឆ្នាំ២០២២នេះ មានខ្លែងចូលរួមរហូតដល់៣០ខ្លែងឯក ក្នុងនោះក៏មានខ្លែងឯកកំពូលតារាចំរៀងព្រាប សុវត្ថិចូលរួមផងដែរ ។ក្នុងឆ្នាំ២០២២នេះ បើប្រៀបធៀមកាលពីការរៀបចំលើកដំបូងក្នុងឆ្នាំ២០២១កន្លងទៅខ្លែងឯកចូលរួមប្រកួតប្រជែងកើនលើស២ដង ខណៈលើកដំបូងនោះមានតែជាង១០ក្លែងឯកប៉ុណ្ណោះ។
ឯកឧត្តម ស៊ឹម សូយុង អ្នករៀបចំព្រឹត្តិការណ៍ប្រកួតបាន លើកឡើងថា ការរៀបចំប្រកួតកីឡាខ្លែងឯកខ្មែរនាពេលនេះ ក្នុងគោលបំណងបង្កើតក្តីសប្បាយរីករាយ ពិសេស គឺចង់រំលឹកដល់យុវជនជំនាន់ក្រោយឲ្យចេះចូលរួមថែរក្សាមរតកកេរ្តិ៍ដំណែលជូនតាដែលបន្សល់ទុកពីបុរាណ ហើយរួមគ្នាជួយអភិរក្សបន្តដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម បញ្ជាក់ទៀតថា ការរៀបចំលើកទី២នេះ មានខ្លែងឯកចូលរួមចំនួន៣០ខ្លែងឯក គឺមានការចូលរួមផុសផុលខ្លាំងជាងលើកទី១ ដោយពួកគេបានបង្ហាញទឹកមុខសប្បាយរីករាយចំពោះការប្រកួតប្រជែងកីឡាអត្តសញ្ញាណខ្មែរមួយនេះ ដោយអ្នកខ្លះបានធ្វើដំណើរឆ្លងខេត្តមកចូលរួមប្រកួតថែមទៀតផង។
ឯកឧត្តម អះអាងទៀតថា កីឡាករដែលបញ្ជាខ្លែងជាប់ជ័យលាភីនឹងក្លាយជាកីឡាតំណាងឲ្យក្លិបរបស់លោកចូលរួមការប្រកួតថ្នាក់ជាតិ ពិសេស ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនដៃគូផងដែរ។
ឯកឧត្តម តំណាងឲ្យក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាខ្លែងឯក ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុនMSAដែលបានគាំទ្រឧបត្ថម្ភទាំងថវិកា អាវមួក និងនំសម្រាប់កីឡាករចូលរួមទាំងអ្នកឈ្នះជ័យលាភី និងមិនឈ្នះជ័យលាភីក៏ដោយ។
សូមរំលឹកថា កីឡាខ្លែងឯកបានបង្កើតឡើងក្នុងសម័យអ្នកប្រាជ្ញធនជ័យ ហើយកីឡាមួយប្រភេទនេះ គឺប្រជាកសិករតែងតែធ្វើការប្រកួតប្រជែងគ្នាពេលច្រូតកាត់ប្រមូលផលស្រូវរួចរាល់ក្នុងរដូវរំហើយ។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតពេញមួយព្រឹកជាលទ្ធផលខ្លែងឯកដែលដណ្តើមបានចំណាត់លេខ១ខ្លែងពាក់ស្លាកលេខ១៧ ខ្លែងឯកដណ្តើមបានចំណាត់ថ្នាក់លេខ២បានលើខ្លែងឯកពាក់ស្លាកលេខ១៥ ខ្លែងប្រជែងដណ្តើមបានចំណាត់លេខ៣បានទៅលើខ្លែងឯកពាក់ស្លាកលេខ១០ និងខ្លែងដណ្តើមបានចំណាត់ថ្នាក់លេខ៥បានទៅលើខ្លែងឯកពាក់ស្លាកលេខ៣៕