ការប្រកួត កីឡា២ប្រភេទ អបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជំនះ៧មករា ដែលរៀបចំឡើង នៅខេត្តកណ្តាល បានបញ្ចប់ដោយជោគជ័យ
លោក ម៉ម ប៉ូលី អនុប្រធាន មន្ទីរអបរំយុវជន និងកីឡាខេត្តកណ្តាលមានប្រសាសន៍ថា ព្រឹត្តិការណ៍ កីឡាអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៣ នៃទិវាជ័យជំនះ៧មករា លើ ២ប្រភេទកីឡា គឺ ប៉េតង់ និងបាល់ទាត់ដែលដំណើរការប្រកួតរយៈពេល៨ថ្ងៃមកនោះ បានដំណើរ យ៉ាងផុសផុល និង បញ្ចប់ដោយជោគជ័យ។
លោក អនុប្រធានមន្ទីបាន ឲ្យដឹងថា ព្រឹត្តិការណ៍នេះបានទាក់ទាញ កីឡាករ កីឡាការិនី មកពីតាមបណ្ដាស្រុកក្រុង ទូទាំងខេត្ត ចូលរួមជាង៥០០នាក់ ក្នុងនោះ លើប្រភេទ បាល់ទាត់មាន ចំនួន១៩ក្រុមចូលរួម មានកីឡាករ ៤៣៧នាក់ ឯប្រភេទកីឡាប៉េតង់មាន២២ក្រុម ស្មើនឹង៨៨នាក់ ចែកជា៣ផ្នែកគឺផ្នែកវ័យចាស់ ផ្នែកយុវជន និងយុវនារី ។
លោក បញ្ជាក់ទៀតថា ការប្រកួតនេះ ក្នុងគោលបំណងបំផុសស្មារតីយុជននៅក្នុងខេត្ត ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាជ័យជំនះ៧មករា ដែលជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងជាថ្ងៃផ្តល់កំណើតទី២ដល់ប្រជាជនកម្ពុជា ហើយ គោលដៅមួយទៀតនោះ គឺជាចលនាជំរុញ ឲ្យវិស័យកីឡានៅក្នុងខេត្តកណ្តាលកាន់តែមានសកម្មភាព ផុសផុលនិងមានរីកចំរើន ពិសេស បង្កើននូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ពីអង្គភាពមួយទៅអង្គភាពមួយ ពីក្លិបមួយទៅក្លិបមួយទៀតកាន់តែស្អិតរមួត។ក្នុងឱកាសបិទ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានថ្លែងថាព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់នូវការចូលរួម ច្រើនកុះករពីសំណាក់មន្ដ្រីរាជការ គ្រប់លំដាប់ថ្នាក់ក៏ដូចជាមហាជន យុវជនដែលតែងតែស្រឡាញ់ចូលចិត្ត និងគាំទ្រវិស័យកីឡាក្នុងខេត្តកណ្ដាល ដែលធ្វើឲ្យការប្រកួត កីឡាប៉េតង់និងបាល់ទាត់ អបអរសារទរខួបអនុស្សាវរីយ៍លើកទី៤៣នៃទិវាជ័យជំនះ៧មករា ឆ្នាំ២០២២នេះ កាន់តែមានភាពអធិកអធម ។ចំពោះក្រុម ដែលមិនទទួលបានជ័យជំនះ និង ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតនេះ ក្ដី គឺយើងរក្សាបានល្អនូវមហាគ្រួសារខ្មែរ ហើយយើងបានពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព ទូលំទូលាយជាមួយក្រុមដទៃទៀតនៅក្នុងខេត្ត ។
សម្រាប់លទ្ធផលនៃការប្រកួតនេះ លើប្រភេទ កីឡាប៉េតង់ យុវនារីវិញ្ញាសា៣នាក់ទល់៣នាក់ លេខ១ បានទៅក្លឹប សាលាសុវណ្ណភូមិ ។ វិញ្ញាសាយុវជន ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១បានទៅលើក្លិបកំពង់សំណាញ់២ ។ វិញ្ញាសា៣នាក់ទល់៣នាក់ វយ័ចាស់ ចំណាត់ថ្នាក់លេខ១ លើក្លិបនាគព័ន្ធ ។ វិញ្ញាសា វាយយកពិន្ទុ លេខ១បានទៅលើក្លឹបនាគរាជ។
ដោយឡែកសម្រាប់ប្រភេទកីឡាបាល់ទាត់ ចំណាត់ថ្នាក់លេខ៣បានទៅលើក្លិប ស ស យ ក ស្រុអង្គស្នួល លេខ២ ក្លិបស ស យក ស្រុកល្វាឯម និងចំណាត់ថ្នាក់ល១បានទៅ ក្លិប ស ស យ ក ស្រុកមុខ កំពូល ៕