វាយសីអបអរសាទរទិវាជ័យជំនះ៧មករាឆ្នាំ២០២២នឹងរៀបចំនៅខេត្តសៀមរាប
ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំនៅខេត្តសៀមរា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨បញ្ចប់ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២។
ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ការប្រកួតនៅក្នុងឆ្នាំ២០២២នេះ គណៈកម្មាធិការរៀបចំការប្រកួតសម្រេចដាក់វិញ្ញាសាឲ្យកីឡាករកីឡាការិនីប្រកួតប្រជែងចំនួន៧វិញ្ញាសា ក្នុងនោះ ១-វាយគូបុរសពិសេស អាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង ។ ២-វាយគូបុរស អាយុ៥០ឆ្នាំឡើង (៣-វាយគូបុរស អាយុពី ៤០ដល់ ៤៩ឆ្នាំ ។ ៤-វាយគូបុរសអាយុ ១៩ឆ្នាំឡើង ៥-វាយគូបុរសអាយុក្រោម ១៨ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៤)។ ៦-វាយគូយុវជនអាយុក្រោម ១៦ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៦)។ ៧-វាយគូចម្រុះ(មិនគិតអាយុ)។
អគ្គលេខាធិការ ខាងលើ បានគូបញ្ជាក់ថា ការប្រកួតអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនេះ គិតមកដល់ឆ្នាំ២០២២នេះ សហព័ន្ធបានរៀបចំបាន២១លើកហើយ ដោយការប្រកួតនេះផ្តោតសំខាន់លើការរិតចំណងសាមគ្គីភាព មិត្តភាព រវាងក្លិបតាមបណ្តាលខេត្ត ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែស្អិតរមួតមន្ថែមទៀត។ក្រៅពីកោលបំណងសំខាន់ៗខាងលើ ការប្រកួតមួយនេះក៏ជាការបំផុសឲ្យកីឡាវាយសីនៅកម្ពុជាកាន់តែមានសកម្មភាពផុសផុល និងមានប្រជាប្រិយភាពដូចកីឡាសក្កានុពលមួយចំនួនផងដែរ។
ឧត្តម សេនីយ៍ទោ អគ្គលេខាធិការ ក៏បានអំពាវនាវគ្រប់សម្ព័ន្ធក្លិបកីឡាវាយសីជាសមាជិករបស់សហព័ន្ធកីឡាវាយសីទាំងអស់ដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧មករា តាមរយៈវិស័យកីឡាឲ្យបានរុងរឿង។ សម្រាប់ការកំណត់សិទ្ធិចូលរួមប្រកួត គឺគ្រប់សម្ព័ន្ធ-ក្លិបកីឡាវាយសីដែលជាសមាជិករបស់សហព័ន្ធកីឡាវាយសីកម្ពុជា អនុញ្ញាតត្រឹមតែ០២គូ ក្នុងមួយវិញ្ញាសា ហើយកីឡាករម្នាក់ៗ ប្រកួតបានតែមួយវិញ្ញាសាតែប៉ុណ្ណោះ ដោយឡែកម្ចាស់ផ្ទះត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត០៤គូ ក្នុងមួយវិញ្ញាសា (កីឡាករអាចលេងបាន២វិញ្ញាសា ក្នុង១នាក់)។
គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសី ពានរង្វាន់៧មករាដែល នឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី២៨ និង២៩ ខែ មករា ឆ្នាំ២០២២ខាងមុខនេះ សហព័ន្ធវាយសីនឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តសៀមរាបផងដែរ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពោលគឺរៀនបណ្តើរ អនុវត្តបច្ចេកទេសជាក់ស្តែងបណ្តើរ ដើម្បីជំរុញឲ្យការប្រកួតពានរង្វាន់៧មករា ឆ្នាំនេះ ទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត៕