កីឡាករវាយកូនគោលជាតិ និងអន្តរជាតិ បង្ហាញការគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រកួតរបស់ស៊ីធីហ្គោល

Detail Top Banner

កីឡាករវាយកូនគោលជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយ កូនគោល អបអរសាទរខួបលើកទី១២ ទីលានស៊ីធីហ្គោល ដែលរៀបចំនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានបង្ហាញអារម្មណ៍សប្បាយរីករាយ តារយៈគាំទ្រចង់ឲ្យបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានញឹកញាប់ ដើម្បីមានឪកាសអភិវឌ្ឍសមត្ថភាពបានច្រើន ។


កីឡាករ អ៊ុក ស៊ីវត្ថា ដណ្តើមបានចំណាត់ថ្នាក់លេខ១ កម្រិតB បានលើកឡើងថា ពានស៊ីធីហ្គោល ពិតជាល្អខ្លាំងណាស់ ព្រោះការប្រកួតបានបែងចែកជា២កម្រិត គឺកម្រិតA ជាកីឡាករជំនាញ និងក្រុមកម្រិតB ជាកីឡាករពាក់កណ្តាលអាជីព ដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្រិតមធ្យម បានពង្រឹងសមត្ថភាពក្លាយជាកីឡាករវាយកូនគោលកម្រិតជំនាញនាពេលខាងមុខ ។ កីឡាកររូបនេះ បានបញ្ជាក់ទៀតថា ការបែងចែកបែបនេះ វាជាកក្តាមួយជួយបំផុសឲ្យមានកីឡាករវាយកូនគោលចូលរួម ក្នុងវិស័យកីឡាមួយនេះកាន់តែច្រើន និងកាន់តែមានប្រជាប្រិយភាព ។


លោក លី គា អ្នកចាត់ការទូទៅ ទីលាន ស៊ីធីហ្គោល បានបញ្ជាក់ឲ្យដឹងថា ការប្រកួតអបអរសាទរខួប លើកទី១២ ទីលានស៊ីធីហ្គោលឆ្នាំ២០២២នេះ កំណើនកីឡាករ កីឡាការិនីចូលរួមទាំងកីឡាករជាតិ និងអន្តរជាតិ មានរហូតចំនួន១២៦នាក់ បានសបព្ជាក់ថា កីឡាវាយកូនគោល នៅកម្ពុជាកំពុងតែរីកចំរើន ក៏ជាការរួមចំណែកមួយផ្នែកពីទីលានស៊ីធីហ្គោល ។ ពីព្រោះទីលាននេះបានផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីថ្មីៗ មានឱកាសចូលរួមប្រកួតដកស្រង់បទពិសោធន៍ និងបញ្ចេញសមត្ថភាព ជាពិសេសទីលានស៊ីធីហ្គោល ក៏ទទួលកីឡាករ កីឡាការិនីថ្មីហ្វឹកហាត់ផងដែរ ។
លោក ឧកញ៉ា ឈុន អូន ម្ចាស់ទីលាន ស៊ីធីហ្គោល មានប្រសាសន៍ថា ការបង្កើតពាននេះ ក្នុងគោលបំណងបង្កើនភាពមិត្តភាព សាមគ្កីភាព រវាងកីឡាករ កីឡាការិនីទាំងថ្មីទាំងចាស់ ប្រកួតសប្បាយរីករាយ លេងកីឡាដើម្បីសុខភាព ពង្រឹងទំនាក់ទំនងអោយកាន់តែប្រសើរ ។

លោក ឧកញ៉ា បានបញ្ជាក់ទៀតថា ទីលានស៊ីធីហ្គោល មានចក្ខុវិស័យចូលរួមចំណែកផលិតធនធានកីឡាករ កីឡាការិនីជូនកម្ពុជា ដើម្បីឲ្យវិស័យកីឡាមួយនេះកាន់តែផុសផុល ដូចបណ្តាប្រទេសនានា ពិសេសចូលរួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ តាមរយៈការផ្តល់កន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកហ្វឹកហាត់ និងលេងកំសាន្ត ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា បានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងកីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិ ដែលផ្តល់កិត្តិយសចូលរួមព្រឹត្តិការណ៍ប្រកួត ប្រកបដោយភាពអធិកអធមសប្បាយរីករាយ ។

ជាមួយគ្នានោះ លោកឧកញ៉ា ឈុន អូន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភគាំទ្រធ្វើឲ្យការប្រកួតអាចដំណើរការទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ បើគ្មានការគាំទ្រពីបណ្តាដៃគូក្រុមហ៊ុននោះទេ ការប្រកួតក៏មិនអាចដំណើរការបានជោគជ័យដូចនេះដែរ ។
ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ កីឡាករក្រុមកម្រិតB ចំណាត់ថ្នាក់លេខ១ កីឡាករ អ៊ុក ស៊ីវត្ថា ចំណែកលេខ១ កម្រិតA កីឡាករ មួន បញ្ញា ៕

You might also like