អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា លើកឡើងថា ទោះបី២ឆ្នាំសហព័ន្ធមិនមានសកម្មភាពប្រកួត តែកីឡាករ កីឡាការិនីរក្សាសិទ្ធផលបានល្អ
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ពិធីបិទការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះថា ទោះបីរយៈពេល២ឆ្នាំកន្លងមក សហព័ន្ធមិនមានសកម្មភាពរៀបចំការប្រកួតច្រើនតាមផែនអភិវឌ្ឍប្រចាំឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ តែកីឡាករកីឡាការិនី នៅរក្សាសិទ្ធផលបានល្អ លើសពីការរំពឹងទុក ។
លោក អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ មានកិច្ចការធំ២ ទី១ គឺផ្តោតលើការរីកចំរើនផ្នែកសមត្ថភាព និងទី២ គឺផ្តោតសំខាន់លើការរៀបចំ របស់គណៈកម្មការបច្ចេកទេស ចៅក្រម-អាជ្ញាកណ្តាល និងក្រុមការងារ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស ឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយគុណភាព ។ លោក បន្តថា ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃមកនេះ គណៈកម្មការបច្ចេកទេស ចៅក្រម-អាជ្ញាកណ្តាល និងក្រុមការងារ គឺឈានដល់កម្រិតស្តង់ដាអន្តរជាតិ ហើយ ។
លោក ទេព រិទ្ធីវិទ្ធ អះអាងថា ស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សហព័ន្ធដាក់ទិសដៅដណ្តើមមេដាយអោយបាន ក្នុងកម្រិតណាមួយ ដោយផ្តល់ឱកាសឲ្យកីឡាករយុវជន បានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ដើម្បីបង្កើនបទពិសោធន៍ និងបច្ចេកទេស ។ ប៉ុន្តែសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធដាក់ទិសដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជា ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដំណើររយៈពេល៤ថ្ងៃ មានក្លិបចំនួន៨ចូលរួម ប្រកួតលើ៤វិញ្ញាសា ស្មើនឹង៨៣ប្រកួត ៕