ឯកឧត្តម បួន លឹមហេង ជំរុញឲ្យចៅក្រម-អាជ្ញាកណ្តាល ITF ត្រូវពង្រឹងសមត្ថភាពផ្នែកភាសាបរទេសបន្ថែម ដើម្បីត្រៀមចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិ យស សហព័ន្ធកីឡាតេក្វាន់ដូ ITF បានជំរុញឲ្យចៅក្រម-អាជ្ញាកណ្តាល ដែលបានឆ្លងកាត់វគ្គបណ្តុះ បណ្តាល ចៅក្រម អាជ្ញាកណ្តាល កម្រិត-ក កីឡាតេក្វាន់ដូ ITF ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ត្រូវពង្រឹងសមត្ថភាពផ្នែកភាសាបរទេស បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ ជាពិសេសគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
ឯកឧត្តមមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាសមិទ្ធផលថ្មីមួយ ក្រោមកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់សហព័ន្ធកីឡាជាតិ ហើយតែងតែជួយផ្តល់សេវាបច្ចេកទេស ក៏ដូចជាការផ្តល់កញ្ចប់ថវិកាគាំទ្រ៤ឆ្នាំចុងក្រោយនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ ITF ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម បួន លឹមហេង បានផ្តល់អនុសាសន៍ថា ចៅក្រម-អាជ្ញាកណ្តាល ដែលឆ្លងកាត់ការសិក្សាក្នុងវគ្គកម្រិតខ្ពស់នេះ គប្បីមានស្មារតីក្រេបជញ្ចក់ចំណេះវិជ្ជាបន្ថែមទៀត ពោលគឺត្រូវរៀនហើយរៀនទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អ ពីព្រោះថា កម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង។ ដូច្នេះ ក្រៅពីការប្រកួតប្រជែងមេដាយរបស់កីឡាករ កីឡាការិនី គឺយើងក៏ត្រៀមចៅក្រម-អាជ្ញាកណ្តាល ចូលរួមកាត់សេចក្តី ក្នុងឋានៈជាម្ចាស់ផ្ទះផងដែរ។ ជាមួយនឹងការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នេះ ឯកឧត្តមក៏រំភើបរីករាយណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ចំពោះសហព័ន្ធកីឡាជាតិទាំងអស់។
ជាមួយគ្នានោះ ឯកឧត្តមផ្តល់ការលើកទឹកចិត្តដល់ចៅក្រម-អាជ្ញាកណ្តាលនានា ឲ្យខិតខំដុសខាត់សមត្ថភាពឲ្យបានរឹងមាំបន្ថែម នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម អ៊ុ ណារិន្ទ អគ្គលេខាធិការងសហព័ន្ធ និងជាប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលបញ្ជាក់ថា វគ្គនេះមានចៅក្រម-អាជ្ញាកណ្តាល ៣០នាក់ មកពី៩ខេត្ត-ក្លិប ដែលមានគ្រូឧទ្ទេស Master RI CHOL NAM មកពីប្រទេសកូរ៉េខាងជើង កម្រិតខ្សែក្រវាត់ ៨ដាន់ ដែលជាប្រធានបច្ចេកទេសសហព័ន្ធតេក្វាន់ដូ ITF អាស៊ី និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងគ្រូឧទ្ទេស លោក ហ៊ឹម រីដា ដែលជាគ្រូជម្រើសជាតិកម្ពុជា និងជាចៅក្រមអន្តរជាតិផងដែរ។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺមានសិក្ខាកាម១០នាក់ ទទួលបាននិទ្ទេសល្អ ១២នាក់ ល្អបង្គួរ និង ៨នាក់ និទ្ទេសមធ្យម៕