លីគអេឡិចត្រូនិកអាជីព 2022 MPL-KH Pro League រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុ
ព្រឹត្តិការណ៍ប្រកួតលីគកីឡាអេឡិចត្រូនិកអាជីព MPL-KH Pro League ឆ្នាំ២០២២ លើវិញ្ញាសា Mobile Legends: Bang Bang រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុហើយ បន្ទាប់ពីបើកការចុះឈ្មោះ និងប្រកួតវគ្គជម្រុះជាច្រើនដំណាក់កាលចាប់ពីថ្ងៃទី២ដល់ទី២៥ ខែមករា ឆ្នាំ២០២២។
ក្រុមដែលបានចុះឈ្មោះបានធ្វើការប្រកួតវគ្គជម្រុះដំបូងពីថ្ងៃទី១៩ ដល់ទី២១ ខែមករាដើម្បីស្វែងក្រុមខ្លាំងលំដាប់កំពូលទាំង១៦ក្រុមឡើងទៅវគ្គជម្រុះផ្សាយផ្ទាល់នៅថ្ងៃទី២២-២៣ ខែមករា ដើម្បីចម្រាញ់យក៨ក្រុមចុងក្រោយ ។
នៅវគ្គជម្រុះ Spring Split ក្រុមទាំង៨ចុងក្រោយ បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញពីថ្ងៃទី២៤-២៥ ខែមករា ដើម្បីប្រជែងយកកៅអី៤ឡើងទៅវគ្គវិលជុំសន្សំពិន្ទុដែលមានក្រុមខ្លាំង៤ផ្សេងទៀតកំពុងរង់ចាំដោយស្វ័យប្រវត្តិ ។
លទ្ធផលនៃការប្រកួតជម្រុះ ក្រុមខ្លាំងទាំង៤គឺក្រុម Max KH, Logic Esports, Infamous LG និង Divinitysaga ទទួលបានកៅអីឡើងទៅវគ្គវិលជុំសន្សំពិន្ទុ (Regular Season) ដែលមានក្រុមខ្លាំងរង់ចាំគឺ See You Soon, Impunity KH, DG Quantum និង Burn X Flash។ ដូច្នេះនៅវគ្គវិលជុំសន្សំពិន្ទុ មានក្រុមសរុបចំនួន៨ត្រូវប៉ះគ្នាទាំងអស់ដើម្បីសន្សំពិន្ទុស្វែងរកចំណាត់ថ្នាក់ល្អឡើងវគ្គបន្ទាប់ មុនពេលឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ វាបានក្លាយជាការប្រកួតដ៏ស្វិតស្វាញ រំភើបរីករាយ និងអស្ចារ្យ នៅពេល MPL-KH Pro League ត្រូវបានចែកជាពីរវគ្គផ្សេងគ្នា ពោលគឺវគ្គ Spring Split និងវគ្គ Autumn Split ។ សម្រាប់វគ្គ Spring Split រំលេចដោយទ្រឹស្តី«កើតមកពូកែ»ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរកការបំពេញក្តីស្រមៃតាមរយៈទេពកោសល្យ និងភាពឆ្លាតវៃរបស់ខ្លួន។ ដូច្នេះវាមានន័យថា ក្រុមនីមួយៗនឹងមានឱកាសចូលរួមប្រកួត២ដងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា លីគ MPL-KH Pro League រដូវកាលថ្មី រៀបចំដោយក្រុមហ៊ុន Moonton Games ជាមួយក្រុមហ៊ុនឧបត្ថម្ភ និងដៃគូសហការជាច្រើនទទួលបានក្រុមចុះឈ្មោះចូលរួមប្រកួតដល់ទី៤៦០ក្រុម ។ លីគមួយនវ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ដែលកំពុងត្រៀមខ្លួន និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕