ក្រុមហ៊ុន VICTOR បានចុះអនុស្សារណៈយោគយល់គ្នា ឧបត្ថម្ភលើសម្ភារៈហ្វឹកហាត់ និងសម្លៀកបំពាក់ ដល់ក្រុមជម្រើសជាតិកីឡាវាយសីរយៈពេល២ឆ្នាំ
ក្រុមហ៊ុន VICTOR ដែលជាក្រុមផលិតសម្ភារៈកីឡាដ៍ល្បីនៅលើពិភពលោក បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ឧបត្ថម្ភលើសម្ភារៈហ្វឹកហាត់ និងសម្លៀកបំពាក់ ដល់ក្រុមជម្រើសជាតិកីឡាវាយរយៈពេល២ឆ្នាំ ។
អនុស្សារណៈយោគយល់គ្នារយៈពេល២ឆ្នាំនេះ បានធ្វើឡើងនៅក្លិបកីឡាវាយសីខេត្តសៀមរាប មានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ចាង ហាវ តំណាងក្រុមហ៊ុន VICTOR ។
លោក ចាង ហាវ បានបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នារយៈពេល២ឆ្នាំ លើការឧបត្ថម្ភដល់ក្រុមជម្រើសជាតិ និងគ្រូបង្វឹកនេះ ក្រុមហ៊ុនបានជួយឧបត្ថម្ភលើសម្ភារៈហ្វឹកហាត់ និងសម្លៀកបំពាក់ ស្បែកជើង ។ តំណាងក្រុមហ៊ុនរូបនេះ អះអាងថា ការដែលក្រុមហ៊ុន VICTOR ជួយឧបត្ថម្ភដល់សហព័ន្ធកីឡាវាយសី មានគោលដៅចម្បងមាន២ គឺទី១ ជួយឲ្យកីឡាករ កីឡាការិនីកម្ពុជារីកចំរើនសមត្ថភាពឈានទៅរកការប្រកួតដោយគុណភាពលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍កីឡាអូឡាំពិក ។
និងទី២ ចង់ផ្សព្វផ្សាយពីផលិតផល VICTOR ដល់កីឡាករ កីឡារិនី និងប្រជាពលរដ្ឋខ្មែរស្គាល់ពីផលិតផលកីឡាដែលមានគុណភាព ។
សូមបញ្ជាក់ថា ក្រុមហ៊ុន VICTOR គឺជាក្រុមហ៊ុនផលិតសម្ភារៈកីឡា ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពីភពលោក ៕