សហព័ន្ធគុនល្បុក្កតោពង្រឹងសមត្ថភាពអាជ្ញាកណ្តាល-ចៅក្រមគ្រូបង្វឹក ដើម្បីអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រលឹងជាតិខ្មែរ
ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមឲ្យកាន់តែរឹងមាំបន្ថែម នៃដំណើរការអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រលឹងវប្បធម៌ជាតិខ្មែរមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលើកឡើងថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃការពង្រីកសក្តានុពលវិស័យកីឡាគុនល្បុក្កតោទៅលើឆាកអន្តរជាតិ ហើយអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកត្រូវបានចាត់ទុកថាជាតួអង្គដ៏សំខាន់ក្នុងការជួយជំរុញឲ្យប្រភេទកីឡាមួយនេះរីកចម្រើន ទាំងការអនុវត្តនូវបទបញ្ជានៃការប្រកួត ការកាត់សេចក្តីការប្រកួតដោយសុច្ចរឹត ទាំងការដឹកនាំការប្រកួត និងការបង្វឹកធនធានកីឡាករ កីឡាការិនីផងដែរ។ ដោយសារការអភិវឌ្ឍគុនល្បុក្កតោ សហព័ន្ធបានរៀបចំចងក្រងបទបញ្ជាការប្រកួត ក្នុងនោះការកាត់សេចក្តិការប្រកួត ការដាក់ពិន្ទុកាន់តែគោរពបានតាមបទបញ្ជាការប្រកួត និងវិជ្ជាជីវៈ។
លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ២៨នាក់ និងគ្រូឧទ្ទេស៦នាក់ ដោយផ្តោតសំខាន់ទៅលើរបៀបនៃការដាក់ពិន្ទុលើវិញ្ញាសាសម្តែង និងប្រយុទ្ធ លំហាត់នៃការអនុវត្តរបស់តួនាទីភារកិច្ចរបស់អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹកគុនល្បុក្កតោ និងយុទ្ធសាស្រ្ត វេជ្ជសាស្ត្រកីឡាជាដើម។ ទាំងអស់នេះគឺជាធាតុផ្សំសំខាន់ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីឲ្យប្រាកដសម្រាប់ដំណើរការប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ជាតិ និងការប្រកួតខ្នាតអន្តរជាតិកម្រិតតំបន់អាស៊ីអាគ្នេយ៍ នាពេលខាងមុខ ជាពិសេស ក្នុងពេលដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ ស៊ាន គឹមស៊ាន ប្រធានបណ្ឌិតសភាកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា ដើម្បីជំរុញឲ្យក្បាច់គុនព្រលឹងវប្បធម៌ខ្មែរមួយនេះកាន់តែរីកចម្រើន សូមឲ្យលោកគ្រូ អ្នកគ្រូ និងកូនខ្មែរទាំងអស់បន្តការថែរក្សាមរតកក្បាច់គុននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមស្នើឲ្យកូនចៅជំនាក់ក្រោយចូលរួមថែរក្សា គាំទ្រ ដើម្បីអភិរក្ស និងអភិវឌ្ឍ ក្នុងការថែទាំវប្បធម៌បេតិកភណ្ឌ ក្បាច់គុនល្បុក្កតោ ឲ្យរស់នៅជាអមតៈ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ បានលើកបង្ហាញពីការស្នើសុំដាក់បញ្ជូល ក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ គឺយើងទទួលបានលិខិតពីយូណេស្កូថាយើងនៅមានចន្លោះប្រហោងក្នុងការបំពេញឯកសារនេះ។ «ការស្នើសុំដាក់បញ្ជូល ក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នេះយើងមិនធ្លាក់ទេ ប៉ុន្តែយើងកំពុងខិតខំតស៊ូ ក្នុងការបំពេញភាពចន្លោះប្រហោងនេះ ដូច្នេះវាទាមទារឲ្យយើងរួមគ្នាដើម្បីបំពេញកង្វះខាតនេះ ដើម្បីស្នើសុំចុះបញ្ជីជាថ្មី នាថ្ងៃអនាគត»។
លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹកថ្នាក់ជាតិ ដើម្បីបន្ត ការអភិវឌ្ឍកីឡាព្រលឹងវប្បធម៌ខ្មែរមួយនេះឲ្យកាន់តែល្បីល្បាញបន្ថែមទៀត ជាពិសេសគោលដៅពង្រីកទៅលើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាកំពុងសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕