សិក្ខាកាមសហព័ន្ធកីឡាទូកក្តោង ២៥រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ
សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នង ឌីណារ៉ា តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ លោក ទុយ ប៊ុនហឿង តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា, លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ, លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ក្រោយពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យជាទីមោទន សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន និងចំនុចខ្វះខាតមួយចំនួន ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ត្រូវសិក្សាស្វែងយល់បន្ថែម ក្រោមការជួយជ្រោមជ្រែងពីសំណាក់ មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលមកពីប្រទេសសឹង្ហបុរី។
ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២១ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋាន ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីអោយប្រភេទកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តីបច្ចេកទេសមានចំណេះជំនាញកំរិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជន បានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។
មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារដែលសំខាន់មួយ ដែលអាចធ្វើការប្រកួតមួយទទួលបានជោគជ័យ ហើយបើមន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់កម្ពុជាយើងមានចំនេះជំនាញកំរិតខ្ពស់ស្របតាមស្តង់ដា របស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិ នោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែទទួលបានជោតជ័យ និងគុណភាពនៃការប្រកួតក្នុងកំរិតខ្ពស់។
ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងរយៈពេល ៤ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំង ២៥រូបទទួលបាននូវចំណេះដឹងកំរិតខ្ពស់លើ ការរៀបចំទំរង់នៃការប្រកួត ការប្រើប្រាស់ទង់សញ្ញា សំលេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ និងបានអនុវត្តន៍ផ្ទាល់នៅលើផ្ទៃទឹក ។
សម្រាប់ការវាយតម្លៃវគ្គសិក្សា សិក្ខាកាមទាំង ២៥រូប ទទួលបាន៖
-និទេ្ទសល្អ ចំនួន ១៨រូប = ៧២ %
-និទ្ទេសល្អបង្គួរ ចំនួន ៥រូប = ២០ %
-និទេ្ទសមធ្យម ចំនួន ២ រូប = ៥ % ៕