ប្រធានសហព័ន្ធបង្ហាត់សេះកម្ពុជា អះអាងថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ អត្តពលិករីកចំរើនខ្លាំងធ្វើឲ្យសហព័ន្ធមានក្តីសង្ឈឹមខ្ពស់ឈ្នះមេដាយដាយមាសស៊ីហ្គេម ឆ្នាំ២០២៣
ការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលដំណើរពេញមួយថ្ងៃ កាលពីថ្ងៃ ទី២០ ខែ កុម្ភៈ ឆ្នាំ២០២២ ជើងឯកបានទៅកីឡាករគីរី ចាន់តុលា ជិះសេះឈ្មោះ ព្រីនសេស មកពីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ។
លោក ស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានលើកឡើងថា ឆ្លងកាត់ការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលជាការប្រកួតធំប្រចាំឆ្នាំ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករកីឡាការិនីនោះ យើងសង្កេតឃើញថា សមត្ថភាពពួកគេមានការអភវឌ្ឍរីកចំរើនខ្លាំងមួយចំនួនធំ ហើយការរីកចំរើនសមត្ថភាពកីឡាករ បូករួមជាមួយសហព័ន្ធទើបតែទទួលបានសេះល្អនាំមកពីប្រទេសបារាំង និងមានការបង្ហាត់យ៉ាងជំនាញពីគ្រូមកពីប្រទេសបារាំងផងនោះ យើងមានសង្ឈឹមខ្ពស់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកយើងអាចប្រជែងបានមេដាយមាសជូនកម្ពុជាជាក់ជាមិនខាន។
សូមបញ្ជាក់ថា ចំពោះជ័យលាភីនៃការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានេះរួមមាន៖ ចំណាត់ថ្នាក់លេខ១ កីឡាករ គីរី ចាន់តុលា ជិះសេះឈ្មោះ ព្រីនសេស មកពីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ, លេខ២ អ្នកអង្គម្ចាស់ នរោត្តម អម្រិតា ជិះសេះឈ្មោះព្រីនសេសមកពីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ, លេខ៣ កីឡាករ គ្រី សារឿន ជិះសេះឈ្មោះ កាហ្វេ មកពីក្លិបកីឡាជិះសេះនៅប្រទេសថៃ និងលេខ៣ស្ទួន កីឡាករ គង់ រតនៈ ជិះសេះឈ្មោះកាហ្វេ មកពីក្លិប ស៊ី.ស៊ី.ស៊ី៕អត្ថបទ៖ អាសង្ហា