កត្តាពីរសំខាន់ ដែលជម្រុញសហព័ន្ធកីឡា E-Sport បានដាក់ទិសដៅដណ្តើមមេដាយមាស ១គ្រឿង ពីស៊ីហ្គេម នៅកម្ពុជា
កត្តា២សំខាន់ ដែលជម្រុញសហព័ន្ធកីឡា E-Sport បានដាក់ទិសដៅដណ្តើមមេដាយមាស ១គ្រឿង ពីស៊ីហ្គេម នៅកម្ពុជា គឺទី១ការពង្រឹងលើកគោលដៅផែនការរបស់សហព័ន្ធ និងទី២ការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ឆន្ទៈដ៏មុតមុតក្នុងការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់កីឡាករផ្ទាល់ នេះជាការបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរារបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា (EFC) ។
ឯកឧត្តម ប្រធានសហព័ន្ធ បន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា គឺប្រភេទកីឡាអេឡិកត្រូនិក (E-Sports) មានគម្រោងរៀបចំ៥វិញ្ញាសា ប៉ុន្តែវាមិនអាស្រ័យដោយម្ចាស់ផ្ទះជារឿងសំខាន់បំផុតនោះទេ ពោលគឺត្រូវមើលថាតើ ប្រទេសណាខ្លះដែលបង្ហាញពីការចូលរួមប្រកួតលើវិញ្ញាសាខ្លះ ។ បច្ចុប្បន្ននៅក្នុងចំណោមគម្រោងវិញ្ញាសាត្រៀមពី៤ទៅ៥វិញ្ញាសានេះ គឺមានវិញ្ញាសាគោល២ ដែលកំពុងពេញនិយម គឺវិញ្ញាសា PUBG Mobile និងវិញ្ញាសា Mobile Legend ។ វិញ្ញាសាទាំង២នេះ គឺកីឡាករកម្ពុជាមានសក្តានុពលច្រើន ប៉ុន្តែពួកគេស្ថិតនៅក្រោមអាយុក្រោម ១៨ឆ្នាំ ដូច្នេះជាគោលដៅរួមរបស់សហព័ន្ធ គឺយើងនឹងរៀបចំការកំណត់កីឡាករចាប់ពីអាយុ១៥ឆ្នាំឡើង ។ ចំពោះការចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ គឺម្ចាស់ផ្ទះ វៀតណាម បានកំណត់យកអាយុកីឡាករចាប់ពី១៨ឆ្នាំឡើង ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ សង្កត់ធ្ងន់ថា ដើម្បីសម្រេចគោលដៅតាមការដាក់សន្ទសន៍មេដាយមាស១គ្រឿង របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ពេលកម្ពុជារៀបចំប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ជាង១ឆ្នាំនេះ គឺគ្មានអ្វីក្រៅពីការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបាននូវសមិទ្ធផលជូនជាតិនោះទេ ។
ពីរ ដែលខ្ញុំធ្លាប់តែងតែរំឭក គឺផែនការរបស់សហព័ន្ធ ហើយយើងយកវាទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងការប្តេជ្ញាចិត្តរបស់កីឡាករជម្រើសជាតិឲ្យបានខ្ពស់បំផុត ដើម្បីជាកិត្តិយសរួមគ្នា សម្រាប់ជាតិមាតុភូមិរបស់យើង ។ មុនពេលឆ្ពោះមកការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា គឺស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២នេះ នៅប្រទេសវៀតណាម ក៏ជាការចូលរួមបង្កើនសមត្ថភាពនៃគោលដៅយុទ្ធសាស្ត្ររបស់យើងដែរ ប៉ុន្តែគ្រាន់តែស៊ីហ្គេមនៅវៀតណាមបានកំណត់យកតែ១វិញ្ញាសា ប៉ុណ្ណោះ គឺវិញ្ញាសា Mobile Legend» ៕អត្ថបទ៖ អាសង្ហា