គុនល្បុក្កតោកម្ពុជា បើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបើកការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ។ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ មានការចូលរួមពី ២៧សាលាគុន ដែលមានកីឡាករ-កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ ប្រកួតលើ ២១ប្រភេទវិញ្ញាសា ក្នុងនោះមានវិញ្ញសាសម្ដែងទម្រង់មេគុន១២ ប្រភេទវិញ្ញាសារ បុរស-នារី និងវិញ្ញាសាប្រយុទ្ធ មាន៩ប្រភេទទម្ងន់ បុរស-នារី។
លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានថ្លែងថា «ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ដែលរាជរដ្ឋាភិបាល សម្រេចធ្វើម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះផងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឹមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់នៃក្បាច់គុន ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាលចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ហើយជាពិសេសយើងនឹងមានការបង្ហាញទស្សនីយភាពដ៏ធំរបស់គុនល្បុក្កតោ ដែលមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១,០០០នាក់ នៅក្នុងព្រឹត្តិការណ៍បើកជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ផងដែរ។»«ដើម្បីសម្រេចកិច្ចការងារដ៏ធំធេងមួយនេះ ដើម្បីមុខមាត់ជាតិ និងជាដឹងគុណដ៏បុព្វបុរស និងរាជរដ្ឋាភិបាល គឺយើងមិនអាចខ្វះបាន ពីការចូលរួម ការតាំងចិត្តបំពេញកិច្ចការងារដោយស្ម័គ្រចិត្តរបស់សមាជិកយើងម្នាក់ៗ ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជម្រុញឲ្យគុនល្បុក្កតោកាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យសាកសមជាអ្នកបន្តវេនដ៍វៃឆ្លាតរបស់បុព្វបុរសខ្មែរយើង។» លោកអគ្គលេខាធិការរងដដែលរូបនេះបានសង្កត់ធ្ងន់។ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ អាចដំណើរការទៅបានដោយសារការឧបត្ថម្ភគាំទ្រជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីជម្រុញការអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ ហើយក្នុងនោះ ក៏មានការចូលរួមពីក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍កីឡាប្រពៃណីនេះផងដែរ គឺក្រុមហ៊ុន សម្រស់ធម្មជាតិដែលក្រុមហ៊ុនបាន បំពេញតម្រូវការមួយចំនួនទាំងផ្នែកទីលាន ផ្នែកផ្គត់ផ្គង់ និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធី។គួររំឭកថា ដោយសារវិបត្តិកូវីដ ១៩ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ត្រូវបានលើកមកធ្វើនៅក្នុងឆ្នាំ២០២២ ពោលគឺពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ ២០២២៕អត្ថបទ៖អាសង្ហា