ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ការធ្វើជាម្ចាស់ផ្ទះ ជើងឯកកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ គឺជាយុទ្ធសាស្រ្តវាស់ស្ទង់កម្រិតបច្ចេកទេសមួយដ៏សំខាន់ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

Detail Top Banner

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការាតេកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូម ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន នាថ្ងៃទី២ ខែមិនា នៅអាគារគណៈកម្មាធិការជាតិបារ៉ាឡាំពិកកម្ពុជា ថា សហព័ន្ធកីឡាការ៉ាតេនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតលក្ខណៈអន្តរជាតិលើកដំបូង គឺ ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នាថ្ងៃទី២១ដល់២៧ ខែមិនា ឆ្នាំ២០២២ តបតាមការស្នើសុំរបស់ប្រទេសក្នុងតំបន់អាស៊ាន មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ឯកឧត្តម បានលើកឡើងទៀតថា ការធ្វើជាម្ចាស់ផ្ទះកម្រិតអន្តរជាតិនេះ គឺជាយុទ្ធសាស្រ្តមួយក្រោមការដឹកនាំរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូព័ន្ធ មុន្នីរ័ត្ន ប្រធានសហព័ន្ធ ដើម្បីឲ្យអត្តពលិកទទួលបានបទពិសោធន៍ពីការប្រកួតឲ្យបានច្រើន ជាពិសេស គឺជាការវាស់ស្ទង់សមត្ថភាពមួយដ៏សំខាន់ដែលអាចវិនិច្ឆ័យទៅលើកម្រិតបច្ចេកទេសឈានរកចំណុចខ្សោយ និងចំណុចខ្លាំង ដើម្បីកែលំម្អរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ ។


មួយវិញទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិនេះ សហព័ន្ធយើងក៏ចង់ពិនិត្យសមត្ថភាពកីឡាករកីឡាការិនីយើង ថាតើ? ការហ្វឹកហាត់កន្លងមក គុណវុឌ្ឍនិងគុណផលរីកចំរើនឡើងខ្លាំងដល់កម្រិតណាហើយ។ទន្ទឹមជាមួយគ្នានេះដែរ ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏ជួយដល់មន្រ្តីបច្ចេកទេសកីឡារបស់សហព័ន្ធឲ្យចេះរៀបចំការប្រកួតអន្តរជាតិ។

ឯកឧត្តម អគ្គលេខាធិការ បន្ថែមទៀតថា ការរៀបចំកម្រិតអន្តរជាតិលើកដំបូងនេះ សហព័ន្ធកីឡាការ៉ាតេ នឹងរៀបចំឲ្យមានជាលក្ខណៈស្តង់ដាស្របតាមបទដ្ឋានបរិបទជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់គ្រប់ប្រតិភូចូលរួមទាំងអស់ ដើម្បីសុវត្ថិភាព តាមវិធានការសុខាភិបាល ។

សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២២នេះ មាន៩ប្រទេសក្នុងតំបន់អាស៊ាន ។ ហើយការប្រកួតនេះ កម្ពុជាចង់បង្ហាញថា ជាព្រឹត្តការណ៍កីឡាបៃតង និងមានសុវត្ថិភាពបំផុតសម្រាប់ប្រតិភូ គ្រូបង្វឹក អត្តពលិក ជាពិសេសភ្ញៀវទេសចរណ៍ ដែលមកទស្សនានៅកម្ពុជា ៕

You might also like