កម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅខេត្តសៀមរាប នាអំឡុងខែមេសាខាងមុខ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ CAMSOC បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ដោយដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីត្រៀមទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំផ្ទាល់ ក្នុងក្របខណ្ឌក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងពីថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា មូលហេតុចម្បង ដែលកម្ពុជាបានជ្រើសរើសយកខេត្តសៀមរាបធ្វើកិច្ចប្រជុំជាលើកដំបូងនេះ គឺដោយសារនេះជាខេត្តគោលដៅទេសរណ៍ប្រកបដោយសុវត្ថិភាព។ មួយវិញទៀត គឺចង់បង្ហាញជូនដល់ប្រតិភូក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ទាំង១១ប្រទេសអាចមើលឃើញពីភាពប្រែប្រួលមុខមាត់ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាបផងដែរ។
ឯកឧត្តមអគ្គលេខាធិការលើកឡើងទៀតថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏នឹងបង្ហាញការនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ដោយម្ចាស់ផ្ទះ កម្ពុជា ហើយចេញពីស៊ីហ្គេម របស់កម្ពុជាតទៅ ភ្លេងគោរពទង់ស៊ីហ្គេមនេះនឹងប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់ទៀត។ ក្នុងពេលនោះ កម្ពុជាក៏នឹងលើកបង្ហាញនូវការកំណត់ប្រភេទកីឡាមានប៉ុន្មាន មានប៉ុន្មានវិញ្ញាសា ដើម្បីផ្តល់ព័ត៌មានជូនអាស៊ាន ហើយក៏នឹងពិភាក្សាគ្នា តស៊ូមតិជាមួយគ្នា ក្នុងការស្នើនូវប្រភេទកីឡាអ្វីខ្លះ វិញ្ញាសាអ្វីខ្លះ ហើយចុងក្រោយគឺម្ចាស់ផ្ទះកម្ពុជាជាអ្នកអនុម័តថាត្រូវទទួលយក ឬមិនទទួលយក។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ទោះម្ចាស់ផ្ទះកម្ពុជាមានសិទ្ធិក្តី ក៏យើងឈរលើស្មារតីសាមគ្គីភាពស្រឡាញ់ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ហើយប្រសិនការស្នើសុំលើប្រភេទកីឡាណាមួយ ដែលកម្ពុជាមានសក្តានុពលតិចតួច ក៏យើងត្រូវសម្របសម្រួល ដោយឈរលើស្មារតីភាពសាមគ្គីភាព ផ្តល់ភាពកក់ក្តៅ ក្តីសង្ឃឹម ដើម្បីឲ្យកម្ពុជាទទួលបានកិត្តិយស ការស្ងើចសរសើរនៃសមត្ថភាពក្នុងការរៀបចំស៊ីហ្គេម ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាស៊ីហ្គេម ដូចគ្នាផងដែរ៕
ប្រភពរូបភាព ៖ Cambodia 2023