លោក Satoshi Saito៖ យើងចង់ឱ្យបាល់ទាត់កម្ពុជារីកចម្រើន និងឈានទៅវគ្គបន្ទាប់បង្កើតប្រវត្តិសាស្ត្រ

Detail Top Banner

លោក Satoshi Saito នាយកប្រតិបត្តិ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានបង្ហាញឆន្ទៈរបស់ខ្លួនថា «អ្នកដឹងទេថា ហេតុអ្វីខ្ញុំមកកម្ពុជា ព្រោះយើងចង់ឱ្យបាល់ទាត់កម្ពុជារីកចម្រើន និងឈានទៅវគ្គបន្ទាប់បង្កើតប្រវត្តិសាស្ត្រ»។

នេះជាការលើកឡើងរបស់លោក ក្នុងឱកាសដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានរៀបចំកម្មវិធីបង្ហាញឯកសណ្ឋានថ្មីរបស់ក្លិបបាល់ទាត់ ទាំង៨ កាលពីល្ងាចម្សិលមិញ ដែលជាបេក្ខភាពប្រកួតប្រជែងម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី ២០២២។
នាយកប្រតិបត្តិ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគគូសបញ្ជាក់ទៀតថា «ខ្ញុំមកកម្ពុជាដំបូង នៅឆ្នាំ ២០១៤ ក្នុងនាមជាអ្នកប្រឹក្សា FIFA ហើយខ្ញុំបានឃើញយុវជនលេងបាល់ទាត់ដោយមានចំណង់ចំណូលចិត្តច្រើន។ ខ្ញុំបានគិតថា ខ្លួនឯងត្រូវការទិសដៅត្រឹមត្រូវ និងផ្លាស់ប្តូររបៀបធ្វើឱ្យបាល់ទាត់ជា ឧស្សាហកម្ម នៅកម្ពុជា។ ដូចដែលខ្ញុំកំពុងធ្វើការនៅក្នុងសមាគមបាល់ទាត់ជប៉ុន ប្រទេសជប៉ុនក៏មានបញ្ហាប្រឈមដូចគ្នាពីមុនមក ប៉ុន្តែបន្ទាប់ពីអាជីពបាល់ទាត់ នៅឆ្នាំ១៩៩៣ លីគបាល់ទាត់ជប៉ុនបានចាប់ផ្តើម ដោយអ្វីៗគ្រប់យ៉ាងបានប្រសើរឡើង»។

លោក Satoshi Saito បន្ថែមថា បន្ទាប់ពីលោកត្រឡប់មកជប៉ុនវិញ លោកបានទាក់ទងជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយលោកបានចងចាំ នៅក្នុងជំនួបនោះ ដោយកម្ពុជាសម្បូរដោយយុវជន ហើយយុវជនទាំងនេះត្រូវការក្តីសុបិន និងទំនុកចិត្ត។ តាមរយៈវិស័យកីឡាបាល់នេះ យុវជននានាអាចរៀនពីរបៀបធ្វើឱ្យក្តីសុបិនរបស់ខ្លួនក្លាយជាការពិត។

«ដូច្នេះបន្ទាប់ពីរយៈពេល៨ឆ្នាំមកនេះ ខ្ញុំមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC) ក្នុងនាមខ្ញុំជានាយកប្រតិបត្តិនៃលីគកំពូលកម្ពុជា។ ខ្ញុំប្ដេជ្ញាចិត្តចំពោះគម្រោងនេះ ដើម្បីធ្វើឲ្យសុបិនកម្ពុជាក្លាយជាការពិត។ ខ្ញុំអាចនិយាយបានថា អនាគតបាល់ទាត់កម្ពុជាកាន់តែភ្លឺស្វាង។ ខ្ញុំជំរុញអ្នក ចូរប្រឹងប្រែងធ្វើវាបន្ថែមទៀត ដើម្បីធ្វើឱ្យសុបិនរបស់យើងក្លាយជាការពិត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Satoshi Saito។

គួរបញ្ជាក់ថា ការប្រកួតខេមបូឌានព្រីមៀរលីគ ដែលជាលីគកម្រិតខ្ពស់ជាងគេរបស់កម្ពុជា មាន៨ក្រុមចូលរួមប្រកួតប្រជែង ដែលគ្រោងនឹងចាប់ផ្តើមការប្រកួតសប្តាហ៍ទី១ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ ៤ប្រកួតនេះ ជាការជួបគ្នារវាង ក្រុមបឹងកេត ប្រកួតជាមួយណាហ្គាវើល នៅ កីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ វេលាម៉ោង ០៣:៤៥ នាទីរសៀល, គូទី២ ក្រុមទ័ព ប្រកួតជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ វេលាម៉ោង ០៣:៤៥ នាទីរសៀល, គូទី៣ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ គីរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ខេត្ត ស្វាយរៀង វេលាម៉ោង ០៣:៤៥ នាទីរសៀល និងគូទី៤ អង្គរថាយហ្គឺរ ប្រកួតជាមួយ វិសាខា នៅកីឡដ្ឋាន ហនុមាន វេលាម៉ោង ០៣:៤៥ នាទីរសៀល៕

You might also like