ឯកឧត្តម ស សុខា៖ វីរភាពរបស់ថ្នាក់ដឹកនាំមុនៗ ទើបធ្វើឲ្យកម្ពុជា មានមោទនភាព និងការបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិ
ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជា បញ្ជាក់ថា ផ្តើមពីការស្រឡាញ់ មហិច្ឆតា នៃការដណ្តើមយក នូវមោទនភាពជូនជាតិ និងការបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។
ស្មារតីទាំងនេះ បានធ្វើឱ្យថ្នាក់ដឹកនាំជំនាន់មុនរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់ ហ៊ានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា ដ៏មមាញឹក និងធនធានផ្ទាល់ខ្លួន ដើម្បីជំរុញកីឡាប៊ូល និងប៉េតង់ រហូតឈានដល់ការទទួលស្គាល់ពីសំណាក់ សហព័ន្ធកីឡាប៉េតង់អន្តរជាតិថា “កម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់” នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា រាជធានីភ្នំពេញ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ទីលានកីឡាប៉េតង់ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ពាក្យថា“កម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់” ដោយសារថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរបស់សហព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍប្រកបដោយ និរន្តរភាព ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ និងលើកទី៣២ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ នៃការប្រកួត ។ ឯកឧត្ដម បន្ថែមថា ភាពជោគជ័យលើវិស័យកីឡា ក្នុងព្រះរាជាណាចក្រកម្ពុជា ទូទាំងប្រទេសទាមទារឱ្យមានការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធដោយផ្ទាល់ ។
សមិទ្ធផលដ៏ធំធេងនេះ គឺពុំអាចកើតមានឡើយ ប្រសិនបើមិនមានវត្តមានថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងនោះគឺ សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស ព្រមទាំងអតីតថ្នាក់ដឹកនាំដ៏ទៃទៀត ដែលបានរួមគ្នាផ្ដួចផ្ដើមគំនិត និងជ្រោមជ្រែងក្នុងការបង្កើតសហព័ន្ធនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ។
ឯកឧត្តម ស សុខា ប្រធានសហព័ន្ធ បញ្ជាក់ថា កីឡាប៉េតង់កម្ពុជា គិតមកដល់ពេលនេះ អត្តពលិកដណ្តើមបានមេដាយសរុបពីឆាកអន្តរជាតិ ៣៧០គ្រឿង មាស ១០៨ ប្រាក់១៣១ និងសំរិទ្ធ១៣១គ្រឿង ជោគជ័យខ្លាំងបំផុតគឺកម្ពុជា ដណ្តើមមេដាយកម្រិតពិភពលោក ៥សម័យកាល ជាប់ៗគ្នា ដោយគ្មានប្រទេសណា អត្តពលិកណាធ្វើបាននោះទេ តាមរយៈវីរកីឡាការិនី កែ ឡេង ៤សម័យកាល និងវីរកីឡាការិនី អ៊ុក ស្រីមុំ ១សម័យកាល ។
ឯកឧត្ដម ប្រធានសហព័ន្ធ បន្ថែមថា រីឯការប្រកួតជើងឯកវិញ គឺបង្ហាញពីគោលបំណងសំខាន់ថា គឺលើកស្ទួយនូវវិស័យកីឡាប៊ូល និងប៉េតង់ បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប នៅតាមតំបន់ទាំងប្រាំ និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីទូទាំងប្រទេស អាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ដើម្បីត្រៀមលក្ខណៈសម្បត្តិ ទទួលជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់កម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ ០៦ ខែមីនា ឆ្នាំ២០២២ ៕