ថ្នាក់ដឹកនាំសហព័ន្ធការ៉ាតេ លើកឡើងថា អត្តពលិកត្រូវចូលរួមប្រកួតកម្រិតអន្តរជាតិឲ្យច្រើនទើបមានគុណភាព
ឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងជាយុទ្ធសាស្ត្រធ្វើម៉េចជំរុញដល់កីឡាករ កីឡាការិនីឲ្យមានការប្រកួតបានច្រើន ជាពិសេសកម្រិតអន្តរជាតិ ដើម្បីត្រៀមឆ្ពោះទៅប្រជែងមេដាយពេលខាងមុខ ដូចជា ស៊ីហ្គេមជាដើម ។ នេះជាយុទ្ធសាស្រ្ត របស់សហព័ន្ធ ដើម្បីសម្រួចគុណផលកីឡាករ កីឡាការិនីជម្រើសជាតិ ឈានឆ្ពោះទៅប្រជែងដោយគុណភាព នៅលើឆាកអន្តរជាតិ ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាយុទ្ធ គឺត្រូវសម្រួចសិទ្ធផលក្រុមជម្រើសជាតិ តាមរយៈបង្កើនការប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសការប្រកួតលក្ខណៈអន្តរជាតិ ។ ដូច្នេះការធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ នៅចុងខែនេះ គឺជាកម្មវិធីដ៏ល្អមួយសម្រាប់ក្រុមកីឡាការ៉ាតេរបស់កម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ជាមួយអត្តពលិកអន្តរជាតិក្នុងតំបន់ ។
ការប្រកួតកម្រិតអន្តរជាមុនស៊ីហ្គេម នៅវៀតណាម នាអំឡុងខែឧសភានេះ ជាឱកាសមួយសម្រាប់កីឡាករ កីឡាការិនី បានស្ទាបស្ទង់វាយតម្លៃសមត្ថភាពរកចំណុចខ្លាំង ចំណុចខ្សោយ បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្រូសញ្ជាតិអ៊ឺរ៉ុង និងគ្រូជប៉ុន ស្វែងរកឧត្តមភាពបន្ថែមដើម្បីឆ្ពោះទៅស៊ីហ្គេម តែម្ដង ។
គួររំលឹកដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២១ ដល់ ២៧ ខែមីនា ឆ្នាំ២០២២ នៅសាលដំបូលទូក ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយអញ្ចើញប្រទេសក្នុងតំបន់ចូលរួម ៕