នាយកបច្ចេកទេសម៉ាឡេស៊ី បានសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍
លោក Arivalagan Ponniyah នាយកបច្ចេកទេសក្រុមការ៉ាតេជម្រើសជាតិម៉ាឡេស៊ី បានកោតសរសើរថា ម្ចាស់ផ្ទះកម្ពុជា បានរៀបចំការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ (២៥-២៧មីនា) ពិតជាល្អ។
លោក Arivalagan Ponniyah បាននិយាយថា នេះគឺជាការមកកម្ពុជាលើកទី១របស់លោក ហើយលោកពិតជាសប្បាយរីករាយខ្លាំងណាស់។ លោកសង្ឃឹមថា លោកនឹងវិលមកកម្ពុជាម្តងទៀត នាពេលខាងមុខឆាប់ៗនេះ។ «ជាថ្មីម្តងទៀត ខ្ញុំពិតជាអរគុណខ្លាំងណាស់ សម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ ហើយវាជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ»។«ខ្ញុំយល់ឃើញថា កម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយខ្ញុំគិតថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡានេះ បានល្អប្រសើរជាក់ជាមិនខាន បើទោះបីជាកម្ពុជាទើបតែរៀបចំការប្រកួតស៊ីហ្គេម ជាលើកដំបូងសម្រាប់កម្ពុជាក្តី។ ខ្ញុំមើលឃើញថា ការរៀបចំជាច្រើនរបស់កម្ពុជា កំពុងត្រូវបានធ្វើឡើង ហើយខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលនឹងមានឱកាសវិលត្រឡប់កម្ពុជាម្តងទៀត សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ»។
គួរបញ្ជាក់ថា បុរសម៉ាឡេស៊ីរូបនេះ បានដឹកនាំកីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួត កីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៩ប្រទេសចូលរួម។ ក្រុមម៉ាឡេស៊ីឈ្នះមេដាយមាស៥គ្រឿង ប្រាក់៣ និងសំរឹទ្ធ៤ សរុប១២គ្រឿង ខណៈវៀតណាម ឈរលេខ១ មេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ៣ សរុប១៣គ្រឿង និងឥណ្ឌូណេស៊ី លេខ២ មេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ៦ សរុប ១៤គ្រៀង។ ដោយឡែកម្ចាស់ផ្ទះ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤ ដោយដណ្តើមបានមេដាយសរុប៧ ក្នុងនោះ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៥គ្រៀង ស្របពេលដែលថៃ លេខ៥ មេដាយប្រាក់៣ និងសំរឹទ្ធ៦។ ចំពោះហ្វីលីពីន មេដាយ ប្រាក់១ និងសំរឹទ្ធ២ ខណៈឡាវ មេដាយសំរឹទ្ធ ២គ្រឿង៕