ការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ចាប់ផ្តើមថ្ងៃស្អែក ដោយមាន៩ប្រទេស រួមទាំងម្ចាស់ផ្ទះ កម្ពុជា
ក្រុមកីឡាករ កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជាបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ (The 9th South East Asian Karate Championship 2022) លើកទី៩ ពីថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន៩ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះកម្ពុជា។
ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩នេះ គឺជាលើកដំបូងសម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់របស់ក្រុមអត្តពលិកការ៉ាតេកម្ពុជា ក៏ដូចជាអត្តពលិកក្នុងអាស៊ីអាគ្នេយ៍ទាំងមូលបង្កើនបច្ចេកទេសត្រៀមចូលរួមប្រកួត ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។ ជើងឯកអាស៊ីអាគ្នេយ៍នេះក៏ជារឿងដ៏សំខាន់ បំផុតសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងការរៀបចំគ្រប់គ្រង និងទាំងការសម្រួចបច្ចេកទេសទៀតផង។
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃនេះ គឺមានអត្តពលិកចូលរួម ៩ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ខណៈមីយ៉ាន់ម៉ា និងទីម័រខាងកើតមិនចូលរួម។ ៩ប្រទេសនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន២០នាក់។
កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សន្និបាតសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ មុនរៀបចំការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ នាថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២។