ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បញ្ជាក់ថា កម្មវិធីប្រកួតជិះសេះផ្លោះរបារៀបចំ៦សប្តាហ៍ម្តងធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពសេះនិងកីឡាករការិនី

Detail Top Banner

លោក ស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាជិះសេះផ្លោះរបា ដែលសហព័ន្ធរៀបចំឡើងរៀងរាល់៦សប្តាហ៍ម្តង នៅទីលានCCC បានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកីឡាករកីឡាការិនី និងសេះ ឲ្យកាន់តែមានសក្តានុពលក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយពីការប្រកួតលើឆាកអន្តរជាតិ ពិសេស គឺប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ស្រី ប្រធាន សហព័ន្ធបានគូបញ្ជាក់ថា ក្នុងកម្មវិធីប្រកួតនេះ យើងបានរៀបចំចំនួន៣វិញ្ញាសា គឺ ១. វិញ្ញាសាជិះផ្លោះរបាកម្ពស់២០ទៅ៣០សង់ទីម៉ែត្រ ២. វិញ្ញាសាជិះផ្លោះរបាកម្ពស់ពី ៥០ទៅ៧០សង់ទីម៉ែត្រ ៣. វិញ្ញសាជិះផ្លោះរបាកម្ពស់១ម៉ែត្រ។


លោក ស្រី អះអាងថា ការប្រកួតនេះ សហព័ន្ធបានរៀបចំបែងចែកជាពីរ គឺ វិញ្ញសាសម្រាប់អ្នកជិះធម្មតាមិនមែនជាកីឡាករជម្រើសជាតិ និង វិញ្ញសាប្រកួតប្រជែងសម្រាប់ជម្រើសជាតិ ដើម្បីជាការវាស់ស្ទង់កម្រិតបច្ចេកទេស។
ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ទៀតថា ការដែលសហព័ន្ធបង្កើតឲ្យមានការប្រកួតប្រជែងបែបនេះឡើង ក្នុងគោលដៅបន្សាំសេះ និងមនុស្ស ដើម្បីឲ្យយល់ចិត្តគ្នា ព្រោះកីឡាមួយនេះ មុននឹងប្រជែងដណ្តើមបានពីការប្រកួតទាល់តែមនុស្សនិងសេះយល់ចិត្តគ្នា។


គួរបញ្ជាក់ថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ គ្រោងនឹងអញ្ជើញប្រទេសជិតខាងកម្ពុជារៀបចំការប្រកួតលក្ខណៈអន្តរជាតិមួយនៅពេលខាងមុខ ដើម្បីផ្តល់បទពិសោធន៍ដល់កីឡាករកីឡាការិនីជម្រើសជាតិ មុនចូលរួមក្នុងព្រឹត្តិការណ៍អេស៊ានហ្គេមនៅប្រទេសចិន និង ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈឆ្នាំ២០២០.២០២១ខកខានមិនបានចេញទៅប្រកួតទៅក្រៅប្រទេសដោយសារតែជួបវិបត្តិជំងឺកូវីដ១៩៕

You might also like