មហាសន្និបាតអូឡាំពិកអាស៊ី (OCA) អំឡុងខែតុលា ឆ្នាំ២០២២ នឹងជួយកម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិ សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

Detail Top Banner

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នាអំឡុងខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិមកពីពិភពលោក ប្រមាណ ៤០០នាក់។ មហាសន្និបាតនេះនឹងមានប្រតិភូ ជាពិសេសគឺថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក៤៥ប្រទេសក្នុងទ្វីបអាស៊ី។ជាមួយគ្នានេះ បណ្តាប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះផងដែរ។ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានផ្តល់អនុសាសន៍ឲ្យអ្នកជំនាញកម្ពុជាខិតខំស្វែងរកការគាំទ្រពីអន្តរជាតិឲ្យបានពេញទំហឹង សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា បន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់សិទ្ធិជូនកម្ពុជា កាលពីកន្លងទៅ។

«កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ ដូច្នេះ នៅក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាដើមក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។

សូមបញ្ជាក់ថា កម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

You might also like