សន្និសីទសារព័ត៌មានស្តីពី បទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី បទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមពី អ្នកសារព័ត៌មាន អេដមីនផេក និងមន្រ្តីពាក់ព័ន្ធនានា។
ជាកិច្ចចាប់ផ្តើមឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរំលឹកប្រវត្តិ និងបទបញ្ជាបច្ចេទេសពីដើមរហូតមកដល់ពេលបច្ចុប្បន្នជូនដល់អង្គសន្និសីទសារព័ត៌មានជ្រាប។
លោក និន វណ្ណដា ប្រធានវិនិច្ឆ័យ បានបញ្ជាក់ថា ការប្រកួតរវាងកីឡាករ រិទ្ធី សូសែន និងកីឡាករឡាវ ថងបាង សឿភុម ប្រកួតវិលជុំសន្សំពិន្ទុ ដណ្តើមខ្សែក្រវាត់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ (សង្វៀនបាយ័នស្ទឹងមានជ័យ)។ ក្រោយការប្រកួតបញ្ចប់៥ទឹក គណៈវិនិច្ឆ័យបានសម្រេចឱ្យកីឡាករ រិទ្ធី សូសែន ឈ្នះដោយពិន្ទុ ៩៧ ទល់ ៩៦ (កីឡាករ ថងបាង សឿភុម បង្គោលខៀវ) ដែលក្នុងនោះនៅទឹកទី១ ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុ រិទ្ធី សូសែន ស្ថិតក្នុងបង្គោលក្រហម ពិន្ទុ ២០-១៩ ទឹកទី២ ក្រហមពិន្ទុ ២០ និងខៀវ ១៩ពិន្ទុ ទឹកទី៣ ក្រហម ១៧ (រាប់២ដងដក៣ពិន្ទុ) ខៀវ ២០ពិន្ទុ ទឹកទី៤ ក្រហម ២០ ខៀវ១៩ និងទឹកទី៥ ក្រហមទទួលបានពិន្ទុ ២០ និងខៀវ ពិន្ទុ១៩។ សរុបពិន្ទុ ក្រហម ៩៧ ទល់នឹង ខៀវ ៩៦។
ឆ្លើយតមនឹងការរិះគន់ថាចៅក្រមផ្តល់ពិន្ទុមិនសុក្រឹតយុត្តិធម៌ ហើយផ្តល់ពិន្ទុឱ្យកីឡាករគុនខ្មែរ រិទ្ធី សូសែន ជាអ្នកឈ្នះ ឯកឧត្តមប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា ការកំណត់លទ្ធផលនៃការប្រកួតឱ្យឈ្នះ ឬចាញ់ រវាងកីឡាករគុនខ្មែរ រិទ្ធី សូសែន និងកីឡាករឡាវ ថងបាង សឿភុម គឺស្របតាមគោលការណ៍របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយចៅក្រមកាត់សេចក្តីនឹងកំណត់លទ្ធផលឈ្នះ-ចាញ់ ឈរលើគោលការណ៍ធំៗ ដូចជាឈ្នះដោយពិន្ទុ ឈ្នះដោយគូប្រកួតសន្លប់ ឈ្នះដោយគូប្រកួតសុំចុះចាញ់ និងឈ្នះដោយរបួស ដែលអាជ្ញាកណ្តាលជាអ្នកបញ្ឈប់ ជារួមរាល់ការកំណត់ការឈ្នះចាញ់ក្នុងការប្រកួតនីមួយៗ សុទ្ធតែយោងទៅគោលការណ៍ច្បាស់លាស់។
ឯកឧត្តមប្រធានស្តីទី មានប្រសាសន៍បន្ថែមថា ការប្រកួតប្រដាល់គុនខ្មែរចៅក្រមដាក់ពិន្ទុតាមទឹក ពីទឹក១ដល់ទឹក៥ អ្នកឈ្នះបាន២០ពិន្ទុ អ្នកចាញ់បាន១៩ពិន្ទុ រាប់ម្តងដក២ពិន្ទុ រាប់២ដងក្នុង១ទឹកដក៣ពិន្ទុ អ្នកដែលសរុបពិន្ទុមកច្រើនជាងគេ ជាអ្នកឈ្នះដូច្នេះក្នុងករណីគូប្រកួតនេះ កីឡាករបង្គោលក្រហម រិទ្ធី សូសែន បានយកឈ្នះកីឡាករឡាវ ថងបាង សឿភុម។ ការដាក់ពិន្ទុប្រដាល់គុនខ្មែរគឺយោងទៅតាមបទបញ្ជាប្រកួតដែលទើបនឹងបោះពុម្ពផ្សាយ កាលពីចុងឆ្នាំ២០២៤ ដោយអនុវត្តតាមលក្ខណៈតួរលេខ និងគណនេយ្យភាពត្រឹមត្រូវ មិនមែនដាក់ពិន្ទុដោយការសន្មត់ទេ ដោយការសន្មត់ គឺគ្មានភាពច្បាស់លាស់នោះឡើយ។
លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់បន្ថែមថា តាមការពិត គឺសហព័ន្ធចង់បានការដាក់ពិន្ទុក្នុងភាពសុក្រឹតបំផុត ហើយសហព័ន្ធក៏មិនដែលព្រងើយកន្តើយចំពោះបញ្ហាដែលកើតមានឡើងនោះឡើយ ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតែខិតខំប្រឹងប្រែងធ្វើកិច្ចការងារដឹកនាំការប្រកួតឱ្យបានល្អប្រសើរ។ ជុំវិញការផ្ទុះបញ្ហារិះគន់លើការប្រកួតនេះដែរ សហព័ន្ធក៏មិនបានទុកចោលរឿងនេះដោយមិនបានយកចិត្តទុកដាក់នោះដែរ ដោយថ្នាក់ដឹកនាំសហព័ន្ធបានកោះប្រជុំជាបន្ទាន់ ក្នុងការត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយតាមគោលការណ៍សហព័ន្ធជាបន្តបន្ទាប់ផងដែរ៕